23. កាលទ្រង់បានយាងចូលទៅក្នុងព្រះវិហារហើយ នោះពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តាជន គេមកឯទ្រង់ដែលកំពុងតែបង្រៀន ហើយទូលកាត់សួរថា អ្នកធ្វើការទាំងនេះ តើអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នក
24. ព្រះយេស៊ូវមានព្រះបន្ទូលតបថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្ដី១ដែរ បើអ្នកឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់ឲ្យអ្នកដឹង ពីអំណាចដែលខ្ញុំអាង ដើម្បីនឹងធ្វើការទាំងនេះដែរ
25. ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីណា ពីស្ថានសួគ៌ ឬពីមនុស្ស នោះគេក៏រិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿតាមគាត់
26. តែបើយើងថា មកពីមនុស្សវិញ នោះខ្លាចហ្វូងមនុស្ស ដ្បិតគេរាប់យ៉ូហានទុកជាហោរាទាំងអស់គ្នា
27. រួចគេទូលឆ្លើយថា យើងមិនដឹងទេ ហើយទ្រង់ក៏មានព្រះបន្ទូលតបថា ដូច្នេះ ខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីអំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ។
28. ប៉ុន្តែ អ្នករាល់គ្នាគិតដូចម្តេច មានមនុស្សម្នាក់មានកូនប្រុស២ គាត់ទៅប្រាប់កូនច្បងថា កូនអើយ ថ្ងៃនេះ ចូរឯងទៅធ្វើការក្នុងចំការអញទៅ
29. កូននោះប្រកែកថា ខ្ញុំមិនទៅទេ ដល់ក្រោយមកវាប្រែចិត្តជាទៅវិញ
30. គាត់ក៏ទៅប្រាប់ដល់កូនពៅដូចគ្នា ឯកូននោះវាទទួលថា ខ្ញុំទៅ លោកឪពុក ប៉ុន្តែ វាមិនបានទៅទេ
31. ដូច្នេះ បណ្តាកូនទាំង២នោះ តើកូនណាបានធ្វើតាមចិត្តរបស់ឪពុក គេឆ្លើយថា កូនច្បង ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកយកពន្ធ និងពួកស្រីសំផឹង គេចូលទៅក្នុងនគរព្រះមុនអ្នករាល់គ្នា
32. ដ្បិតយ៉ូហានបានមកឯអ្នករាល់គ្នាក្នុងផ្លូវសុចរិត តែអ្នករាល់គ្នាមិនបានជឿតាមគាត់ទេ ឯពួកយកពន្ធ និងពួកស្រីសំផឹង គេបានជឿតាមគាត់វិញ លុះកាលអ្នករាល់គ្នាបានឃើញដូច្នោះ នោះក៏នៅតែមិនព្រមប្រែចិត្តជឿតាមគាត់ដែរ។
33. ចូរស្តាប់ពាក្យប្រៀបប្រដូច១ទៀត មានថៅកែម្នាក់ដែលដាំចំការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ ហើយសង់ប៉ម ក៏ប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចចេញពីស្រុកនោះទៅ
34. កាលជិតដល់រដូវបេះផ្លែហើយ នោះក៏ប្រើបាវខ្លួនឲ្យទៅឯពួកអ្នកទាំងនោះ ដើម្បីនឹងទទួលផល ជាចំណែករបស់ខ្លួន
35. តែពួកធ្វើចំការ គេចាប់បាវទាំងនោះវាយម្នាក់ សំឡាប់ម្នាក់ ហើយម្នាក់ទៀតចោលនឹងថ្មវិញ
36. ថៅកែក៏ប្រើបាវដទៃជាច្រើនជាងមុនឲ្យទៅទៀត តែគេប្រព្រឹត្តនឹងបាវទាំងនោះបែបដូចគ្នា
37. ដល់ក្រោយបង្អស់ គាត់ចាត់កូនខ្លួនឲ្យទៅដោយគិតថា គេនឹងកោតខ្លាចដល់កូនអញ
38. ប៉ុន្តែ កាលពួកចំការបានឃើញ នោះគេនិយាយគ្នាថា នេះជាកូនគ្រងមរដកហើយ ចូរយើងសំឡាប់វាចេញទៅ រួចយើងនឹងដណ្តើមយកមរដករបស់វា