13. តែគាត់ឆ្លើយទៅម្នាក់នោះថា សំឡាញ់អើយ ខ្ញុំមិនធ្វើខុសនឹងអ្នកទេ តើអ្នកមិនបានសុខចិត្តព្រមទទួលតែ២កាក់ទេឬអី
14. ដូច្នេះ ចូរយកប្រាក់របស់អ្នកទៅៗ ខ្ញុំបានសំរេចនឹងឲ្យដល់ពួកអ្នកដែលមកក្រោយនេះ ដូចជាបានឲ្យដល់អ្នកដែរ
15. តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងរបស់ខ្ញុំ តាមអំពើចិត្តទេឬអី តើភ្នែកអ្នកឃើញអាក្រក់ ពីព្រោះខ្ញុំល្អឬអី
16. គឺយ៉ាងនោះដែលអស់អ្នកក្រោយនឹងបានទៅជាមុន ហើយពួកអ្នកមុននឹងទៅជាក្រោយវិញ ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ។
17. កាលព្រះយេស៊ូវទ្រង់កំពុងតែឡើងទៅឯក្រុងយេរូសាឡិម នោះទ្រង់យកពួកសិស្សទាំង១២នាក់ ទៅដោយឡែកតាមផ្លូវ ហើយមានព្រះបន្ទូលថា
18. មើលយើងរាល់គ្នាឡើងទៅឯក្រុងយេរូសាឡិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅដល់ពួកសង្គ្រាជ និងពួកអាចារ្យ ដែលគេនឹងកាត់ទោសលោកដល់ជីវិត
19. រួចនឹងបញ្ជូនទៅដល់ពួកសាសន៍ដទៃ ឲ្យគេចំអកមើលងាយ ព្រមទាំងវាយនឹងរំពាត់ ហើយឆ្កាងលោក ក្រោយ៣ថ្ងៃមក លោកនឹងមានជីវិតរស់ឡើងវិញ។
20. គ្រានោះ ប្រពន្ធរបស់សេបេដេ គាត់នាំកូនទាំង២មកឯទ្រង់ ក្រាបថ្វាយបង្គំទូលសូមសេចក្ដីមួយ
21. ទ្រង់មានព្រះបន្ទូលសួរថា តើអ្នកចង់បានអ្វី គាត់ទូលថា សូមអនុញ្ញាត្តឲ្យកូនខ្ញុំម្ចាស់ទាំង២នេះបានអង្គុយ ១ខាងស្តាំ ១ខាងឆ្វេងទ្រង់ ក្នុងនគររបស់ទ្រង់
22. តែព្រះយេស៊ូវមានព្រះបន្ទូលតបថា អ្នករាល់គ្នាមិនយល់សេចក្ដីដែលអ្នកសូមទេ តើអ្នកអាចនឹងផឹកអំពីពែង ដែលខ្ញុំរៀបនឹងផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬទេ គេទូលឆ្លើយថា ទទួលបាន
23. នោះទ្រង់មានព្រះបន្ទូលថា អ្នករាល់គ្នានឹងផឹកពីពែងខ្ញុំ ហើយនឹងទទួលបុណ្យជ្រមុជដែលខ្ញុំទទួលមែន តែដែលអង្គុយខាងស្តាំ ឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ គឺសំរាប់តែអ្នកណា ដែលព្រះវរបិតាខ្ញុំបានរៀបចំទុកឲ្យវិញ
24. កាល១០នាក់ឯទៀតបានឮសេចក្ដីនោះហើយ គេក៏តូចចិត្តនឹងបងប្អូនទាំង២នាក់នោះ
25. តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានព្រះបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកចៅហ្វាយនៃសាសន៍ដទៃតែងគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ