7. នោះស្តេចហេរ៉ូឌ ក៏ហៅពួកហោរនោះមក ដោយសំងាត់ សាកសួរយ៉ាងម៉ត់ចត់ ពីផ្កាយនោះបានលេចមកពីកាលណា
8. រួចទ្រង់ចាត់គេឲ្យទៅឯបេថ្លេហិម ដោយបង្គាប់ថា ចូរអ្នករាល់គ្នាទៅស៊ើបដំណឹង ពីកូនតូចនោះឲ្យច្បាស់លាស់ កាលណាបានឃើញហើយ នោះត្រូវមកប្រាប់ដល់យើងវិញ ដើម្បីឲ្យយើងបានទៅថ្វាយបង្គំដែរ
9. កាលគេបានទទួលបង្គាប់នៃស្តេចស្រេចហើយ នោះក៏នាំគ្នាចេញទៅ ឯផ្កាយដែលគេបានឃើញពីទិសខាងកើត នោះក៏នាំមុខគេ ដរាបដល់ចំពីលើកន្លែងដែលបុត្រតូចនៅ ទើបឈប់
10. គេមានសេចក្ដីអំណរជាខ្លាំងក្រៃ ដោយឃើញផ្កាយនោះ
11. ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ
12. រួចវិលទៅស្រុកគេវិញ តាមផ្លូវមួយទៀតទៅ ដោយព្រោះព្រះទ្រង់ពន្យល់សប្តិប្រាប់ មិនឲ្យត្រឡប់ទៅឯហេរ៉ូឌវិញឡើយ។
13. កាលគេចេញទៅបាត់ហើយ នោះទេវតានៃព្រះអម្ចាស់ក៏លេចមក ពន្យល់សប្តិប្រាប់យ៉ូសែបថា ចូរក្រោកឡើងនាំបុត្រតូច និងមាតាទ្រង់ រត់ទៅឯស្រុកអេស៊ីបទៅ ឲ្យនៅស្រុកនោះទាល់តែយើងប្រាប់ ដ្បិតហេរ៉ូឌនឹងរកសំឡាប់បុត្រតូច
14. គាត់ក៏ក្រោកឡើងទាំងយប់ នាំបុត្រតូច និងមាតាទ្រង់ ចេញទៅនៅស្រុកអេស៊ីបវិញ
15. ក៏នៅស្រុកនោះ ដរាបដល់ហេរ៉ូឌសុគត ដើម្បីឲ្យបានសំរេចសេចក្ដី ដែលព្រះអម្ចាស់ទ្រង់ប្រាប់ ដោយសារហោរាថា «អញបានហៅកូនអញ ចេញពីស្រុកអេស៊ីបមក»។
16. លុះហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតទ្រង់ នោះទ្រង់មានសេចក្ដីក្រេវក្រោធជាខ្លាំង ក៏ចាត់គេឲ្យទៅសំឡាប់អស់ទាំងកូនប្រុសៗនៅបេថ្លេហិម និងក្នុងក្រវល់ស្រុកនោះទាំងអស់ តាំងពីអាយុ២ឆ្នាំចុះមក តាមកំណត់ថ្ងៃដែលទ្រង់បានសួរពួកហោរយ៉ាងម៉ត់ចត់
17. នោះបានសំរេចសេចក្ដីទំនាយ ដែលហោរាយេរេមា បានទាយទុកមកថា
18. «មានឮសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមក្សាន្តចិត្តសោះ ដ្បិតកូននាងវិនាសបាត់ហើយ»។
19. លុះហេរ៉ូឌបានសុគតរួចហើយ នោះទេវតានៃព្រះអម្ចាស់លេចមក ពន្យល់សប្តិប្រាប់យ៉ូសែប នៅស្រុកអេស៊ីបថា
20. ចូរក្រោកឡើង នាំបុត្រតូច និងមាតាទ្រង់ ទៅនៅឯស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់ពួកអ្នកដែលរកសំឡាប់បុត្រតូច បានស្លាប់អស់ហើយ