ម៉ាថាយ 18:8-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. បើ​សិន​ជា​ដៃ ឬ​ជើង​អ្នក នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​ជើង​វិញ ជា​ជាង​មាន​ដៃ​ជើង​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​នៅ​អស់​កល្ប‌ជានិច្ច

9. ហើយ​បើ​ភ្នែក​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត ចូរ​ខ្វែះ​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត មាន​ភ្នែក​តែ​១​វិញ ជា​ជាង​មាន​ភ្នែក​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក

10. ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មើល‌ងាយ​ចំពោះ​កូន​តូច​ណា​មួយ​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា​របស់​វា ដែល​នៅ​ស្ថាន‌សួគ៌​តែង​តែ​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌វរ‌បិតា​ខ្ញុំ​ជានិច្ច ដែល​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌

11. ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​ជួយ​សង្គ្រោះ​អ្នក​ណា​ដែល​បាត់‌បង់។

12. បើ​មនុស្ស​ណា​មាន​ចៀម​១​រយ ហើយ​មាន​១​វង្វេង​បាត់ តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្តេច តើ​មិន​ទុក​ចៀម​៩៩​នៅ​លើ​ភ្នំ នឹង​ទៅ​រក​ចៀម​១ ដែល​វង្វេង​បាត់​នោះ​ទេ​ឬ​អី

13. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​រក​ឃើញ នោះ​មាន​សេចក្ដី​អំណរ​ចំពោះ​ចៀម​នោះ ជា​ជាង​ចៀម​៩៩​ដែល​មិន​បាន​វង្វេង​ទៅ​ទៀត

14. ដូច្នេះ ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​កូន​តូច​ណា​មួយ​នេះ ត្រូវ​វិនាស​ដូច្នោះ​ដែរ។

15. បើ​បង ឬ​ប្អូន​ធ្វើ​បាប​នឹង​អ្នក នោះ​ឲ្យ​ទៅ​បន្ទោស​គាត់ ក្នុង​កាល​ដែល​មាន​តែ​អ្នក​ហើយ​នឹង​គាត់ បើ​គាត់​ស្តាប់​អ្នក នោះ​អ្នក​នឹង​បាន​បង​ឬ​ប្អូន​នោះ​មក​វិញ

16. តែ​បើ​គាត់​មិន​ព្រម​ស្តាប់​ទេ នោះ​ត្រូវ​យក​មនុស្ស​ម្នាក់ ឬ​២​នាក់​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ជាក់​គ្រប់​ទាំង​ពាក្យ ដោយ‌សារ​ស្មរ​បន្ទាល់​២ ឬ​៣​នាក់

17. បើ​គាត់​មិន​ព្រម​ស្តាប់​អ្នក​ទាំង​នោះ​ទេ នោះ​ត្រូវ​តែ​ប្រាប់​ដល់​ពួក​ជំនុំ ហើយ​បើ​មិន​ព្រម​ស្តាប់​ពួក​ជំនុំ​ទៀត នោះ​ត្រូវ​តែ​រាប់​គាត់​ទុក​ជា​អ្នក​ក្រៅ​សាសន៍ ឬ​ជា​អ្នក​យក​ពន្ធ​វិញ

18. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​ស្ថាន‌សួគ៌​ដែរ ហើយ​បើ​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​ក៏​នឹង​ត្រូវ​ស្រាយនៅ​ស្ថាន‌សួគ៌​ដែរ

19. មួយ​ទៀត ខ្ញុំ​ប្រាប់​ថា បើ​សិន​ជា​មាន​២​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ព្រម​ព្រៀង​គ្នា​នៅ​ផែនដី ពី​ដំណើរ​អ្វី​ដែល​គេ​ចង់​សូម​ក៏​ដោយ នោះ​នឹង​បាន​សំរេច​ដល់​គេ អំពី​ព្រះ‌វរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌

ម៉ាថាយ 18