ម៉ាថាយ 18:22-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ខ្ញុំ​មិន​ថា ឲ្យ​អ្នក​អត់​ទោស​ត្រឹម​តែ​៧​ដង​ទេ គឺ​ដល់​៧​ចិត‌សិប​ដង​ទៅ​ទៀត

23. ដូច្នេះ នគរ​ស្ថាន‌សួគ៌​ត្រូវ​ប្រៀប​ដូច​ជា​ស្តេច​១​អង្គ ដែល​ចង់​គិត​បញ្ជី​នឹង​ពួក​បាវ​ព្រាវ

24. កាល​ទ្រង់​ចាប់​តាំង​គិត នោះ​គេ​នាំ​កូន​បំណុល​ម្នាក់​មក ដែល​ជំពាក់​ប្រាក់​២​កោដិ

25. តែ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​នឹង​សង បាន​ជា​ចៅ‌ហ្វាយ​បង្គាប់​ឲ្យ​លក់​ខ្លួន​វា ព្រម​ទាំង​ប្រពន្ធ​កូន និង​របស់​ទាំង​អស់ ដើម្បី​នឹង​សង​បំណុល​នោះ

26. ហេតុ​ដូច្នេះ បាវ​នោះ​បាន​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ​ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​មេត្តា​បង្អង់​ឲ្យ​ទូល‌បង្គំ​សិន ទូល‌បង្គំ​នឹង​សង​ថ្វាយ​ទ្រង់​គ្រប់​ចំនួន

27. ឯ​ចៅ‌ហ្វាយ​របស់​បាវ​នោះ មាន​ព្រះ‌ទ័យ​ក្តួល​អាណិត ក៏​លែង​វា​ឲ្យ​ទៅ ព្រម​ទាំង​លែង​ទារ​បំណុល​ផង

28. តែ​កាល​បាវ​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ជួប​ប្រទះ​នឹង​គូ‌កន​ម្នាក់ ដែល​ជំពាក់​ខ្លួន​២០​រៀល នោះ​វា​ចាប់​ច្របាច់​ក​អ្នក​នោះ ដោយ​ពាក្យ​ថា ចូរ​សង​ប្រាក់​ដែល​ជំពាក់​អញ​នោះ​មក

29. អ្នក​នោះ​ក៏​ទំលាក់​ខ្លួន ក្រាប​ចុះ​នៅ​ទៀប​ជើង សូម​អង្វរ​ថា សូម​មេត្តា​បង្អង់​ឲ្យ​ខ្ញុំ​សិន ខ្ញុំ​នឹង​សង​ជូន​អ្នក

30. តែ​វា​មិន​ព្រម​ទេ ត្រឡប់​ជា​បាន​ចាប់​អ្នក​នោះ នាំ​ទៅ​ដាក់​គុក​វិញ ទាល់​តែ​បាន​សង​បំណុល​រួច

31. កាល​ពួក​គូ‌កន​គេ​បាន​ឃើញ​ការ​នោះ គេ​មាន​ចិត្ត​ឈឺ‌ឆ្អាល​ណាស់ ក៏​នាំ​គ្នា​ទៅ​ទូល​ដល់​ចៅ‌ហ្វាយ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មក

32. ចៅ‌ហ្វាយ​ក៏​ឲ្យ​គេ​ហៅ​បាវ​នោះ​មក រួច​មាន​ព្រះ‌បន្ទូល​ថា នែ អា​បំរើ​អាក្រក់ អញ​បាន​លែង​ទារ​បំណុល​ឯង​ទាំង​អស់​ហើយ​តើ ពី​ព្រោះ​ឯង​បាន​អង្វរ​ដល់​អញ

33. ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូ‌កន​ឯង ដូច​ជា​អញ​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​ទេ​ឬ​អី

34. ចៅ‌ហ្វាយ​ក៏​មាន​សេចក្ដី​ក្រោធ ហើយ​បញ្ជូន​វា​ទៅ​ឯ​មេភូ​ឃុំ ទាល់​តែ​បាន​សង​បំណុល​នោះ​គ្រប់​ចំនួន

35. យ៉ាង​នោះ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ការ​រំលង​របស់​បង​ប្អូន ដោយ​ស្ម័គ្រ​ពី​ចិត្ត​ទេ នោះ​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ។

ម៉ាថាយ 18