ម៉ាថាយ 18:16-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. តែ​បើ​គាត់​មិន​ព្រម​ស្តាប់​ទេ នោះ​ត្រូវ​យក​មនុស្ស​ម្នាក់ ឬ​២​នាក់​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ជាក់​គ្រប់​ទាំង​ពាក្យ ដោយ‌សារ​ស្មរ​បន្ទាល់​២ ឬ​៣​នាក់

17. បើ​គាត់​មិន​ព្រម​ស្តាប់​អ្នក​ទាំង​នោះ​ទេ នោះ​ត្រូវ​តែ​ប្រាប់​ដល់​ពួក​ជំនុំ ហើយ​បើ​មិន​ព្រម​ស្តាប់​ពួក​ជំនុំ​ទៀត នោះ​ត្រូវ​តែ​រាប់​គាត់​ទុក​ជា​អ្នក​ក្រៅ​សាសន៍ ឬ​ជា​អ្នក​យក​ពន្ធ​វិញ

18. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​ស្ថាន‌សួគ៌​ដែរ ហើយ​បើ​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​ក៏​នឹង​ត្រូវ​ស្រាយនៅ​ស្ថាន‌សួគ៌​ដែរ

19. មួយ​ទៀត ខ្ញុំ​ប្រាប់​ថា បើ​សិន​ជា​មាន​២​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ព្រម​ព្រៀង​គ្នា​នៅ​ផែនដី ពី​ដំណើរ​អ្វី​ដែល​គេ​ចង់​សូម​ក៏​ដោយ នោះ​នឹង​បាន​សំរេច​ដល់​គេ អំពី​ព្រះ‌វរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌

20. ដ្បិត​កន្លែង​ណា​ដែល​មាន​២ ឬ៣​នាក់ ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្តាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ។

21. ខណៈ​នោះ ពេត្រុស​ក៏​មក​ឯ​ទ្រង់​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​បង ឬ​ប្អូន​ធ្វើ​បាប​នឹង​ខ្ញុំ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​អត់​ទោស​ឲ្យ​គេ​ដល់​ប៉ុន្មាន​ដង តើ​ដល់​៧​ដង​ឬ​អី

22. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ខ្ញុំ​មិន​ថា ឲ្យ​អ្នក​អត់​ទោស​ត្រឹម​តែ​៧​ដង​ទេ គឺ​ដល់​៧​ចិត‌សិប​ដង​ទៅ​ទៀត

23. ដូច្នេះ នគរ​ស្ថាន‌សួគ៌​ត្រូវ​ប្រៀប​ដូច​ជា​ស្តេច​១​អង្គ ដែល​ចង់​គិត​បញ្ជី​នឹង​ពួក​បាវ​ព្រាវ

24. កាល​ទ្រង់​ចាប់​តាំង​គិត នោះ​គេ​នាំ​កូន​បំណុល​ម្នាក់​មក ដែល​ជំពាក់​ប្រាក់​២​កោដិ

25. តែ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​នឹង​សង បាន​ជា​ចៅ‌ហ្វាយ​បង្គាប់​ឲ្យ​លក់​ខ្លួន​វា ព្រម​ទាំង​ប្រពន្ធ​កូន និង​របស់​ទាំង​អស់ ដើម្បី​នឹង​សង​បំណុល​នោះ

26. ហេតុ​ដូច្នេះ បាវ​នោះ​បាន​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ​ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​មេត្តា​បង្អង់​ឲ្យ​ទូល‌បង្គំ​សិន ទូល‌បង្គំ​នឹង​សង​ថ្វាយ​ទ្រង់​គ្រប់​ចំនួន

27. ឯ​ចៅ‌ហ្វាយ​របស់​បាវ​នោះ មាន​ព្រះ‌ទ័យ​ក្តួល​អាណិត ក៏​លែង​វា​ឲ្យ​ទៅ ព្រម​ទាំង​លែង​ទារ​បំណុល​ផង

28. តែ​កាល​បាវ​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ជួប​ប្រទះ​នឹង​គូ‌កន​ម្នាក់ ដែល​ជំពាក់​ខ្លួន​២០​រៀល នោះ​វា​ចាប់​ច្របាច់​ក​អ្នក​នោះ ដោយ​ពាក្យ​ថា ចូរ​សង​ប្រាក់​ដែល​ជំពាក់​អញ​នោះ​មក

ម៉ាថាយ 18