13. នោះពួកសិស្សក៏យល់ថា ទ្រង់មានព្រះបន្ទូលពីយ៉ូហាន-បាទីស្ទទេ។
14. កាលបានមកដល់ហ្វូងមនុស្សហើយ នោះមានម្នាក់មកលុតជង្គង់ ក្រាបនៅចំពោះទ្រង់ទូលថា
15. ព្រះអម្ចាស់អើយ សូមទ្រង់ប្រោសមេត្តាដល់កូនទូលបង្គំ ដែលឆ្កួតជ្រូកផង វាវេទនាណាស់ ចេះតែដួលទៅក្នុងភ្លើង និងក្នុងទឹកជាញយៗ
16. ទូលបង្គំបាននាំវាមកឯពួកសិស្សទ្រង់ដែរ តែគេមើលមិនជាសោះ
17. ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដល់កាលណា តើត្រូវឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំវាមកឯខ្ញុំឯណេះ
18. នោះព្រះយេស៊ូវទ្រង់បន្ទោសដល់អារក្ស ហើយវាក៏ចេញពីក្មេងនោះទៅ រួចក្មេងនោះបានជា ចាប់តាំងពីវេលានោះមក។
19. នោះពួកសិស្សមកឯព្រះយេស៊ូវដោយឡែក ទូលសួរថា ហេតុអ្វីបានជាយើងខ្ញុំ ដេញអារក្សនោះមិនបាន
20. ទ្រង់មានព្រះបន្ទូលតបថា គឺដោយព្រោះតែអ្នករាល់គ្នាមានសេចក្ដីជំនឿតិចពេកប៉ុណ្ណោះ ដ្បិតខ្ញុំប្រាប់ជាប្រាកដថា បើមានសេចក្ដីជំនឿ ដូចគ្រាប់ពូជ១យ៉ាងល្អិត នោះអ្នករាល់គ្នាអាចនឹងនិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅទីនោះចុះ នោះនឹងបានដូច្នោះហើយ ក៏គ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះទេ
21. តែអារក្សបែបយ៉ាងនេះ វាចេញទៅដោយសារតែអធិស្ឋាន ហើយនឹងតមអត់ប៉ុណ្ណោះ។
22. កាលគង់នៅស្រុកកាលីឡេ នោះព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថា បន្តិចទៀត កូនមនុស្សនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្ស
23. គេនឹងសំឡាប់លោក ហើយ៣ថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ នោះពួកសិស្សកើតមានសេចក្ដីព្រួយជាខ្លាំង។