1. ពួកផារីស៊ី និងពួកសាឌូស៊ី គេមកល្បួងទ្រង់ សូមឲ្យសំដែងទីសំគាល់១ពីលើមេឃឲ្យគេឃើញ
2. តែទ្រង់មានព្រះបន្ទូលឆ្លើយថា ដល់ល្ងាចអ្នករាល់គ្នានិយាយថា មេឃនឹងល្អ ពីព្រោះក្រហម
3. ហើយដល់ព្រឹក នោះអ្នករាល់គ្នាក៏ថា នៅថ្ងៃនេះនឹងមានព្យុះភ្លៀង ព្រោះមេឃក្រហមស្រទំ ឱមនុស្សកំពុតអើយ អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃមែន តែពុំអាចនឹងស្គាល់ទីសំគាល់នៃសម័យនេះបានទេ
4. ពូជដំណអាក្រក់ ហើយកំផិត គេចេះតែរកទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់តែមួយនោះទេ គឺហោរាយ៉ូណាស រួចទ្រង់យាងចោលគេបាត់ទៅ។
5. ពួកសិស្សឆ្លងទៅឯត្រើយម្ខាង តែគេភ្លេចយកនំបុ័ងទៅ
6. គ្រានោះ ព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលថា ចូរឲ្យពិចារណា ហើយប្រុងប្រយ័ត្នចំពោះដំបែរបស់ពួកផារីស៊ី និងពួកសាឌូស៊ី ឲ្យមែនទែន
7. គេក៏រិះគិតគ្នាថា ប្រហែលជាដោយព្រោះយើងមិនបានយកនំបុ័ងមកទេដឹង
8. កាលព្រះយេស៊ូវទ្រង់ជ្រាប នោះក៏មានព្រះបន្ទូលថា ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតគ្នា អំពីដំណើរដែលមិនបានយកនំបុ័ងមកដូច្នេះ
9. តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនចាំពីនំបុ័ង៥ និងមនុស្ស៥ពាន់នាក់ ហើយដែលអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ត្រកនោះទេឬអី