25. ប៉ុន្តែ ស្ត្រីនោះមកក្រាបថ្វាយបង្គំទូលទ្រង់ថា ឱព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង
26. ទ្រង់មានព្រះបន្ទូលថា ដែលយកនំបុ័ងរបស់កូនក្មេងបោះទៅឲ្យកូនឆ្កែ នោះមិនល្អទេ
27. តែស្ត្រីនោះទូលថា មែនហើយ ព្រះអម្ចាស់ ប៉ុន្តែ កូនឆ្កែវាស៊ីកំទេចដែលធ្លាក់ចុះពីតុម្ចាស់វាមកដែរ
28. នោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា នាងស្រីអើយ នាងមានសេចក្ដីជំនឿជាខ្លាំងមែន ចូរឲ្យនាងបានដូចសេចក្ដីប្រាថ្នាចុះ ស្រាប់តែកូនស្រីរបស់នាងបានជា ចាប់តាំងពីវេលានោះឯងទៅ។
29. ព្រះយេស៊ូវ ទ្រង់យាងចេញពីទីនោះ មកខាងសមុទ្រកាលីឡេ រួចយាងឡើងទៅលើភ្នំ គង់ចុះនៅទីនោះ
30. នោះមានហ្វូងមនុស្សមកឯទ្រង់កកកុញ នាំទាំងមនុស្សខ្វិន ខ្វាក់ គ ពិការ និងមនុស្សឯទៀតជាច្រើន មកដាក់នៅទៀបព្រះបាទទ្រង់ ហើយទ្រង់ក៏ប្រោសឲ្យគេបានជា
31. ដល់ម៉្លេះបានជាបណ្តាមនុស្សទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យ ដោយឃើញមនុស្សគនិយាយបាន មនុស្សពិការបានមាំមួន មនុស្សខ្វិនដើររួច និងមនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរដំកើងដល់ព្រះនៃសាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា។
32. ព្រះយេស៊ូវ ទ្រង់ហៅពួកសិស្សមក មានព្រះបន្ទូលថា ខ្ញុំមានចិត្តក្តួលអាណិត ដល់ហ្វូងមនុស្សនោះណាស់ ដ្បិតគេបាននៅជាមួយនឹងខ្ញុំអស់៣ថ្ងៃមកហើយ គេគ្មានអ្វីនឹងបរិភោគសោះ ហើយខ្ញុំមិនចង់ឲ្យគេទៅវិញទាំងអត់ឃ្លានទេ ក្រែងហេវតាមផ្លូវ
33. ពួកសិស្សទូលទ្រង់ថា នៅទីស្ងាត់នេះ យើងខ្ញុំនឹងរកនំបុ័ងឲ្យហ្វូងមនុស្សធំដល់ម៉្លេះបរិភោគឆ្អែតឯណាបាន
34. តែព្រះយេស៊ូវទ្រង់សួរថា តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន គេទូលថា មាន៧ ហើយនឹងត្រីតូចៗខ្លះ
35. នោះទ្រង់ក៏ប្រាប់ឲ្យហ្វូងមនុស្សអង្គុយនៅដី
36. រួចទ្រង់យកនំបុ័ង៧ និងត្រីទាំងនោះមកអរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស គេក៏ចែកដល់ហ្វូងមនុស្ស
37. គ្រប់គ្នាបានបរិភោគឆ្អែត ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបាន៧កំប្រោង
38. ឯពួកប្រុសៗដែលបានបរិភោគឆ្អែត នោះមាន៤ពាន់នាក់ឥតរាប់ស្រីៗ ហើយនឹងកូនក្មេងផងទេ
39. រួចកាលទ្រង់បានឲ្យហ្វូងមនុស្សវិលទៅវិញ នោះទ្រង់យាងចុះទូកឆ្លងទៅដល់ដែនស្រុកម៉ាកាដាន់។