2. ទ្រង់ក៏មានព្រះបន្ទូលទៅពួកមហាតលិកថា នោះគឺជាយ៉ូហាន-បាទីស្ទ គាត់បានរស់ពីស្លាប់ឡើងវិញហើយ បានជាមានការឫទ្ធិបារមីកើតមក ដោយសារគាត់ដូច្នេះ
3. ដ្បិតហេរ៉ូឌបានចាប់ចងយ៉ូហានដាក់ក្នុងគុក ដោយព្រោះហេរ៉ូឌាស ជាភរិយាភីលីព អនុជទ្រង់
4. ពីព្រោះយ៉ូហានបានទូលទាស់នឹងស្តេចថា ទ្រង់គ្មានច្បាប់នឹងយកនាងនោះទេ
5. ទ្រង់ចង់សំឡាប់គាត់ណាស់ តែខ្លាចហ្វូងមនុស្ស ព្រោះគេរាប់គាត់ទុកជាហោរា
6. មានសម័យ១ ជាថ្ងៃធ្វើបុណ្យចំរើនព្រះជន្មហេរ៉ូឌ នោះបុត្រីហេរ៉ូឌាស នាងរាំនៅមុខពួកភ្ញៀវ ជាទីគាប់ព្រះទ័យដល់ហេរ៉ូឌណាស់
7. បានជាទ្រង់ស្បថសន្យានឹងប្រទានគ្រប់របស់អ្វីដែលនាងនឹងសូម
8. តែមាតានាងបានបញ្ចេះឲ្យទូលថា សូមប្រទានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់នៅទីនេះ
9. នោះស្តេចទ្រង់ក៏ព្រួយព្រះទ័យ តែដោយព្រោះសម្បថ ហើយនឹងពួកភ្ញៀវ បានជាទ្រង់បង្គាប់ឲ្យគេយកក្បាលគាត់មកឲ្យនាង
10. ទ្រង់ក៏ចាត់គេឲ្យទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក
11. គេយកក្បាលគាត់ដាក់លើថាសមកឲ្យនាង រួចនាងយកទៅថ្វាយដល់មាតា
12. នោះពួកសិស្សយ៉ូហានក៏មកយកសពទៅកប់ រួចទៅទូលព្រះយេស៊ូវ។
13. កាលព្រះយេស៊ូវបានឮហើយ នោះទ្រង់យាងចុះទូកចេញពីទីនោះ ទៅឯទីរហោស្ថានដោយឡែក រីឯពួកបណ្តាជនក៏បានដឹង ហើយគេចេញពីក្រុងទាំងអស់ដើរតាមទ្រង់ទៅ
14. លុះទ្រង់យាងឡើងពីទូកវិញ ស្រាប់តែឃើញមានមនុស្សមីរដេរដាស ទ្រង់ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ប្រោសមនុស្សជំងឺទាំងប៉ុន្មានក្នុងពួកគេឲ្យបានជា
15. ដល់ពេលល្ងាចពួកសិស្សមកឯទ្រង់ទូលថា ទីនេះស្ងាត់ណាស់ ម៉ោងក៏ជ្រុលហើយ សូមឲ្យហ្វូងមនុស្សត្រឡប់ទៅវិញទៅ ដើម្បីឲ្យបានទិញស្បៀងអាហារ នៅក្នុងភូមិជុំវិញ
16. តែព្រះយេស៊ូវទ្រង់ឆ្លើយថា មិនចាំបាច់ឲ្យគេទៅទេ ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ
17. ពួកសិស្សក៏ទូលទ្រង់ថា នៅទីនេះយើងខ្ញុំគ្មានអ្វីទេ មានតែនំបុ័ង៥ដុំ ហើយនឹងត្រីពីរប៉ុណ្ណោះ