38. ចំណែកស្រែ នោះគឺជាតួលោកីយ៍ ឯពូជល្អ គឺអស់ទាំងមនុស្សរបស់នគរស្ថានសួគ៌ ហើយស្រងែ គឺជាអស់ទាំងមនុស្សរបស់អាកំណាចវិញ
39. ខ្មាំងសត្រូវដែលប្លមព្រោះស្រងែនោះ គឺជាអារក្ស ចំរូត គឺជាបំផុតកល្ប ហើយពួកច្រូតនោះ គឺជាពួកទេវតា
40. ដូច្នេះ ដែលគេច្រូតស្រងែដុតបន្សុសក្នុងភ្លើងជាយ៉ាងណា នោះដល់បំផុតកល្បក៏នឹងបានដូច្នោះដែរ
41. គឺកូនមនុស្សនឹងចាត់ពួកទេវតា ទៅច្រូតយកអស់ទាំងក្បួន ដែលនាំឲ្យមនុស្សរវាតចិត្ត និងពួកអ្នកដែលប្រព្រឹត្តទទឹងច្បាប់ ពីនគរចេញ
42. ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះគេនឹងយំ ហើយសង្កៀតធ្មេញ
43. គ្រានោះ ពួកសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងនគររបស់ព្រះវរបិតានៃគេ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។
44. មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ។
45. មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអ្នកឈ្មួញម្នាក់ ដែលរកកែវមុក្តាយ៉ាងល្អ
46. កាលណាបានឃើញ១ដែលមានដំឡៃណាស់ នោះគាត់ទៅលក់របស់ទ្រព្យទាំងអស់ មកទិញកែវមុក្តានោះ។
47. មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអួន ដែលគេទំលាក់ទៅក្នុងសមុទ្រ ជាប់បានត្រីគ្រប់មុខ
48. កាលបានពេញហើយ នោះគេទាញឡើងមកលើគោក រួចអង្គុយជ្រើសរើសត្រីល្អៗ ដាក់ក្នុងកញ្ឆេទុក តែត្រីអាក្រក់ៗគេចាក់ចោលចេញ
49. ដល់ទីបំផុតកល្ប នឹងបានដូចគ្នាដែរ គឺពួកទេវតានឹងចេញទៅញែកយកពួកទុច្ចរិតពីពួកសុចរិតចេញ
50. ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះ គេនឹងយំ ហើយសង្កៀតធ្មេញ។
51. ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលសួរដល់គេថា តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ គេទូលឆ្លើយថា យើងខ្ញុំយល់ហើយ ព្រះអម្ចាស់
52. ទ្រង់ក៏មានព្រះបន្ទូលទៅទៀតថា ដូច្នេះ គ្រប់អស់ទាំងអាចារ្យណាដែលមានគេបង្ហាត់បង្រៀន ឲ្យធ្វើជាសិស្សនៃនគរស្ថានសួគ៌ នោះធៀបដូចជាថៅកែម្នាក់ ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងរបស់ខ្លួន។
53. កាលព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលពាក្យប្រៀបប្រដូចទាំងនេះស្រេចហើយ នោះទ្រង់ក៏យាងចេញពីទីនោះទៅ
54. លុះទ្រង់ចូលមកក្នុងស្រុកទ្រង់វិញ នោះក៏បង្រៀនគេនៅក្នុងសាលាប្រជុំ ដល់ម៉្លេះបានជាគេនឹកប្លែកក្នុងចិត្ត ហើយនិយាយថា តើអ្នកនេះបានចំណេះ និងការឫទ្ធិបារមីទាំងនេះពីណាមក