34. ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះ ដោយពាក្យប្រៀបធៀបដល់ហ្វូងមនុស្ស ទ្រង់មិនបានមានព្រះបន្ទូលនឹងគេ ឥតពាក្យប្រៀបធៀបទេ
35. ដើម្បីឲ្យបានសំរេចតាមទំនាយដែលហោរាបានទាយទុកមកថា «អញនឹងបើកមាត់និយាយ ជាពាក្យប្រៀបប្រដូច អញនឹងសំដែងពីការដែលលាក់កំបាំង តាំងពីកំណើតលោកីយ៍មក»។
36. នោះទ្រង់ក៏ឲ្យហ្វូងមនុស្សទៅវិញ រួចយាងចូលទៅក្នុងផ្ទះ ឯពួកសិស្សមកទូលទ្រង់ថា សូមអធិប្បាយឲ្យយើងខ្ញុំយល់ន័យពាក្យប្រៀប ពីស្មៅស្រងែនៅស្រែផង
37. ទ្រង់មានព្រះបន្ទូលឆ្លើយថា អ្នកដែលព្រោះពូជល្អ នោះគឺជាកូនមនុស្ស
38. ចំណែកស្រែ នោះគឺជាតួលោកីយ៍ ឯពូជល្អ គឺអស់ទាំងមនុស្សរបស់នគរស្ថានសួគ៌ ហើយស្រងែ គឺជាអស់ទាំងមនុស្សរបស់អាកំណាចវិញ
39. ខ្មាំងសត្រូវដែលប្លមព្រោះស្រងែនោះ គឺជាអារក្ស ចំរូត គឺជាបំផុតកល្ប ហើយពួកច្រូតនោះ គឺជាពួកទេវតា
40. ដូច្នេះ ដែលគេច្រូតស្រងែដុតបន្សុសក្នុងភ្លើងជាយ៉ាងណា នោះដល់បំផុតកល្បក៏នឹងបានដូច្នោះដែរ
41. គឺកូនមនុស្សនឹងចាត់ពួកទេវតា ទៅច្រូតយកអស់ទាំងក្បួន ដែលនាំឲ្យមនុស្សរវាតចិត្ត និងពួកអ្នកដែលប្រព្រឹត្តទទឹងច្បាប់ ពីនគរចេញ
42. ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះគេនឹងយំ ហើយសង្កៀតធ្មេញ
43. គ្រានោះ ពួកសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងនគររបស់ព្រះវរបិតានៃគេ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។
44. មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ។