4. គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ ហើយបានសោយនំបុ័ងតាំងទុក ដែលគ្មានច្បាប់ឲ្យទ្រង់សោយ ឬពួកដែលនៅជាមួយនឹងទ្រង់ផង ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ
5. ឬអ្នករាល់គ្នាមិនបានមើលក្នុងក្រឹត្យវិន័យទេឬអីថា នៅថ្ងៃឈប់សំរាក នោះពួកសង្ឃ នៅក្នុងព្រះវិហារ ក៏ប្រព្រឹត្តរំលងច្បាប់នៃថ្ងៃឈប់សំរាក ឥតមានទោសវិញ
6. ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅទីនេះ មាន១អង្គ ដែលវិសេសជាងព្រះវិហារទៅទៀត
7. បើអ្នករាល់គ្នាបានយល់ន័យសេចក្ដីដែលថា «អញចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ» នោះអ្នករាល់គ្នាមិនបានបន្ទោស ដល់ពួកអ្នកដែលគ្មានទោសឡើយ
8. ដ្បិតកូនមនុស្សជាម្ចាស់លើថ្ងៃឈប់សំរាកដែរ។
9. ទ្រង់ក៏យាងចេញពីទីនោះ ចូលទៅក្នុងសាលាប្រជុំរបស់គេ
10. នោះឃើញមនុស្សម្នាក់មានដៃស្វិត ហើយគេទូលសួរទ្រង់ថា តើមានច្បាប់នឹងប្រោសឲ្យជា នៅថ្ងៃឈប់សំរាកបានឬទេ នេះគឺដើម្បីឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះ
11. តែទ្រង់ឆ្លើយថា បើអ្នកណា ក្នុងពួកអ្នករាល់គ្នា មានចៀមតែ១ ហើយចៀមនោះធ្លាក់ទៅក្នុងរណ្តៅ នៅថ្ងៃឈប់សំរាក នោះតើមិនទៅចាប់ស្រង់វាមកទេឬអី
12. ឯមនុស្ស តើមានដំឡៃលើសជាងចៀមអម្បាលម៉ានទៅទៀត ដូច្នេះ មានច្បាប់ឲ្យធ្វើការល្អនៅថ្ងៃឈប់សំរាកដែរ
13. រួចទ្រង់មានព្រះបន្ទូលទៅមនុស្សនោះថា ចូរលាតដៃអ្នកទៅ គាត់ក៏លាត ហើយដៃនោះបានជា ដូចដៃម្ខាង។
14. កាលពួកផារីស៊ីបានចេញទៅក្រៅ គេក៏ពិគ្រោះគ្នារកហេតុនឹងធ្វើឲ្យទ្រង់វិនាស
15. តែកាលព្រះយេស៊ូវបានជ្រាប នោះទ្រង់យាងថយចេញពីទីនោះ មានទាំងមនុស្សកកកុញដើរតាមទ្រង់ទៅ ហើយទ្រង់ក៏ប្រោសគេឲ្យជាគ្រប់គ្នាដែរ
16. ទ្រង់ហាមផ្តាច់ មិនឲ្យគេប្រាប់ឲ្យបណ្តាមនុស្សស្គាល់ទ្រង់ឡើយ
17. ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាអេសាយ បានទាយទុកមកថា
18. «មើលអ្នកបំរើដែលអញបានរើសតាំង ជាអ្នកស្ងួនភ្ងា ដែលជាទីពេញចិត្តអញ អញនឹងដាក់វិញ្ញាណអញ ឲ្យសណ្ឋិតនៅលើទ្រង់ ហើយទ្រង់នឹងថ្លែងប្រាប់ពីសេចក្ដីយុត្តិធម៌ ដល់សាសន៍ដទៃ
19. ទ្រង់នឹងមិនតតាំងនឹងគេ ឬស្រែកសំរែកឡើយ នឹងគ្មានអ្នកណាឮសំឡេងទ្រង់នៅក្នុងផ្លូវទេ
20. ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនលត់ប្រឆេះដែលនៅហុយឡើយ ទាល់តែបាននាំសេចក្ដីយុត្តិធម៌ឲ្យមានជ័យជំនះ