29. ឬធ្វើដូចម្តេចឲ្យអ្នកណាចូលទៅក្នុងផ្ទះនៃមនុស្សខ្លាំងពូកែ និងប្លន់យកទ្រព្យសម្បត្តិរបស់គេបាន វៀរតែចងអ្នកខ្លាំងពូកែនោះជាមុនសិន នោះទើបនឹងប្លន់ផ្ទះរបស់គេបាន
30. អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះជាអ្នកកំចាត់កំចាយវិញ
31. ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អស់ទាំងបាប ហើយពាក្យប្រមាថ នឹងអត់ទោសឲ្យមនុស្សលោកបាន តែឯពាក្យប្រមាថដល់ព្រះវិញ្ញាណវិញ នោះមិនដែលបានអត់ទោស ដល់មនុស្សឡើយ
32. អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះនឹងអត់ទោសឲ្យពុំបានឡើយ ទោះនៅនាលោកីយ៍នេះ ឬនៅបរលោកនាយក្តី។
33. ត្រូវតែរាប់ថា ដើមឈើល្អ ផ្លែវាក៏ល្អ ឬថាដើមឈើអាក្រក់ ហើយផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែវា
34. ពូជពស់វែកអើយ ដែលអ្នករាល់គ្នាអាក្រក់ម៉្លេះ តើធ្វើដូចម្តេចនឹងឲ្យអ្នករាល់គ្នាពោលសេចក្ដីល្អបាន ពីព្រោះមាត់តែងនិយាយ តាមសេចក្ដីបរិបូរដែលនៅក្នុងចិត្ត
35. ធម្មតាមនុស្សល្អ តែងបញ្ចេញសេចក្ដីល្អ អំពីកំណប់ដ៏ល្អដែលបានកប់ទុកក្នុងចិត្ត ឯមនុស្សអាក្រក់វិញ គេក៏បញ្ចេញសេចក្ដីអាក្រក់ អំពីកំណប់អាក្រក់របស់គេដែរ
36. ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ នោះមនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់ ពីអស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ
37. ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសំដីរបស់ខ្លួន ឬនឹងត្រូវទោស ក៏ដោយសារតែពាក្យសំដីនោះដែរ។
38. គ្រានោះ ពួកអាចារ្យ និងពួកផារីស៊ីខ្លះ គេទូលទ្រង់ថា លោកគ្រូ យើងខ្ញុំចង់ឃើញទីសំគាល់ពីលោក
39. តែទ្រង់មានព្រះបន្ទូលតបថា ដំណមនុស្សអាក្រក់ ហើយកំផិត គេចេះតែចង់ឃើញទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់របស់ហោរាយ៉ូណាសឡើយ
40. ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់៣ថ្ងៃ៣យប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី៣ថ្ងៃ៣យប់យ៉ាងនោះដែរ
41. ឯមនុស្សនៅក្រុងនីនីវេនឹងឈរឡើងជាមួយនឹងមនុស្សដំណនេះ ក្នុងគ្រាជំនុំជំរះ ហើយនឹងកាត់ទោសឲ្យផង ដ្បិតគេបានប្រែចិត្ត ដោយឮសេចក្ដីដែលលោកយ៉ូណាសបានប្រកាសប្រាប់ ហើយមើលនៅទីនេះមាន១អង្គ ដែលវិសេសជាងលោកយ៉ូណាសទៅទៀត
42. មហាក្សត្រីនៅស្រុកខាងត្បូង នឹងឈរឡើងជាមួយនឹងមនុស្សដំណនេះ ក្នុងគ្រាជំនុំជំរះ ហើយនឹងកាត់ទោសឲ្យផង ដោយព្រះនាងបានយាងមកពីចុងផែនដី ដើម្បីនឹងស្តាប់ចំណេះរបស់ហ្លួងសាឡូម៉ូន ហើយមើលនៅទីនេះមាន១អង្គវិសេសជាហ្លួងសាឡូម៉ូនទៅទៀត។
43. កាលណាអារក្សអសោចបានចេញពីមនុស្សទៅហើយ នោះវាដើរចុះឡើង នៅកន្លែងហួតហែង ដើម្បីរកទីឈប់សំរាក តែរកមិនបានសោះ
44. នោះវាគិតថា អញនឹងត្រឡប់ទៅឯផ្ទះអញ ដែលទើបនឹងចេញមកនោះ រួចកាលវាមកដល់ ឃើញផ្ទះនៅទំនេរ បោសស្អាត ហើយតុបតែងយ៉ាងល្អ
45. នោះវាចេញទៅនាំយកអារក្ស៧ទៀត ដែលកាចៗ ជាងវា មកជាមួយផង ក៏នាំគ្នាចូលទៅនៅទីនោះ ហើយសណ្ឋានក្រោយរបស់មនុស្សនោះ បានអាក្រក់ជាងមុនទៅទៀត ឯមនុស្សដំណអាក្រក់នេះ គេនឹងបានដូច្នោះដែរ។
46. កាលទ្រង់កំពុងតែមានព្រះបន្ទូលនឹងហ្វូងមនុស្សនៅឡើយ នោះមាតា និងពួកប្អូនទ្រង់ក៏ឈរពីខាងក្រៅរកទូលនឹងទ្រង់
47. មានម្នាក់ទូលទ្រង់ថា មើលន៏ ម្តាយ និងប្អូនលោក ឈរនៅខាងក្រៅចង់និយាយនឹងលោក
48. តែទ្រង់ឆ្លើយទៅអ្នកដែលទូលនឹងទ្រង់ថា តើអ្នកណាជាម្តាយ ហើយជាប្អូនខ្ញុំ