13. រួចទ្រង់មានព្រះបន្ទូលទៅមនុស្សនោះថា ចូរលាតដៃអ្នកទៅ គាត់ក៏លាត ហើយដៃនោះបានជា ដូចដៃម្ខាង។
14. កាលពួកផារីស៊ីបានចេញទៅក្រៅ គេក៏ពិគ្រោះគ្នារកហេតុនឹងធ្វើឲ្យទ្រង់វិនាស
15. តែកាលព្រះយេស៊ូវបានជ្រាប នោះទ្រង់យាងថយចេញពីទីនោះ មានទាំងមនុស្សកកកុញដើរតាមទ្រង់ទៅ ហើយទ្រង់ក៏ប្រោសគេឲ្យជាគ្រប់គ្នាដែរ
16. ទ្រង់ហាមផ្តាច់ មិនឲ្យគេប្រាប់ឲ្យបណ្តាមនុស្សស្គាល់ទ្រង់ឡើយ
17. ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាអេសាយ បានទាយទុកមកថា
18. «មើលអ្នកបំរើដែលអញបានរើសតាំង ជាអ្នកស្ងួនភ្ងា ដែលជាទីពេញចិត្តអញ អញនឹងដាក់វិញ្ញាណអញ ឲ្យសណ្ឋិតនៅលើទ្រង់ ហើយទ្រង់នឹងថ្លែងប្រាប់ពីសេចក្ដីយុត្តិធម៌ ដល់សាសន៍ដទៃ
19. ទ្រង់នឹងមិនតតាំងនឹងគេ ឬស្រែកសំរែកឡើយ នឹងគ្មានអ្នកណាឮសំឡេងទ្រង់នៅក្នុងផ្លូវទេ
20. ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនលត់ប្រឆេះដែលនៅហុយឡើយ ទាល់តែបាននាំសេចក្ដីយុត្តិធម៌ឲ្យមានជ័យជំនះ
21. ហើយអស់ទាំងសាសន៍ដទៃ នឹងមានសេចក្ដីសង្ឃឹម ដោយនូវឈ្មោះទ្រង់»។