ម៉ាថាយ 12:12-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ឯ​មនុស្ស តើ​មាន​ដំឡៃ​លើស​ជាង​ចៀម​អម្បាល‌ម៉ាន​ទៅ​ទៀត ដូច្នេះ មាន​ច្បាប់​ឲ្យ​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ

13. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​លាត​ដៃ​អ្នក​ទៅ គាត់​ក៏​លាត ហើយ​ដៃ​នោះ​បាន​ជា ដូច​ដៃ​ម្ខាង។

14. កាល​ពួក​ផារី‌ស៊ី​បាន​ចេញ​ទៅ​ក្រៅ គេ​ក៏​ពិគ្រោះ​គ្នា​រក​ហេតុ​នឹង​ធ្វើ​ឲ្យ​ទ្រង់​វិនាស

15. តែ​កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប នោះ​ទ្រង់​យាង​ថយ​ចេញ​ពី​ទី​នោះ មាន​ទាំង​មនុស្ស​កក‌កុញ​ដើរ​តាម​ទ្រង់​ទៅ ហើយ​ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​ជា​គ្រប់​គ្នា​ដែរ

16. ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​បណ្តា​មនុស្ស​ស្គាល់​ទ្រង់​ឡើយ

17. ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា

18. «មើល​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ជា​អ្នក​ស្ងួនភ្ងា ដែល​ជា​ទី​ពេញ​ចិត្ត​អញ អញ​នឹង​ដាក់​វិញ្ញាណ​អញ ឲ្យ​សណ្ឋិត​នៅ​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​យុត្តិ‌ធម៌ ដល់​សាសន៍​ដទៃ

19. ទ្រង់​នឹង​មិន​តតាំង​នឹង​គេ ឬ​ស្រែក​សំរែក​ឡើយ នឹង​គ្មាន​អ្នក​ណា​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​ផ្លូវ​ទេ

20. ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ឡើយ ទាល់​តែ​បាន​នាំ​សេចក្ដី​យុត្តិ‌ធម៌​ឲ្យ​មាន​ជ័យ‌ជំនះ

21. ហើយ​អស់​ទាំង​សាសន៍​ដទៃ នឹង​មាន​សេចក្ដី​សង្ឃឹម ដោយ​នូវ​ឈ្មោះ​ទ្រង់»។

22. នោះ​គេ​នាំ​មនុស្ស​ម្នាក់​មាន​អារក្ស​ចូល ដែល​ខ្វាក់ ហើយ​គ មក​ឯ​ទ្រង់ ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​ជា គឺ​ឲ្យ​មនុស្ស​ខ្វាក់ ហើយ​គ​នោះ បាន​ទាំង​និយាយ ហើយ​មើល​ឃើញ​ផង

23. ឯ​ហ្វូង​មនុស្ស គេ​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​និយាយ​គ្នា​ថា អ្នក​នេះ តើ​មិន​មែន​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​នោះ​ទេ​ឬ​អី

24. តែ​កាល​ពួក​ផារី‌ស៊ី​បាន​ឮ​ពាក្យ​នោះ គេ​ក៏​ឆ្លើយ​ឡើង​ថា មនុស្ស​នេះ​ដេញ​អារក្ស​បាន ដោយ‌សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ទេ

25. ប៉ុន្តែ ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​គំនិត​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​នគរ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​អស់​ទាំង​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ពុំ​បាន​ទេ

26. ដូច្នេះ បើ​អារក្ស​ដេញ​អារក្ស នោះ​មុខ​ជា​វា​បែក​ទាស់​គ្នា​វា​ហើយ យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​រាជ្យ​វា​ស្ថិត‌ស្ថេរ​នៅ​បាន

27. មួយ​ទៀត បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​អាង​បេល‌សេប៊ូល​ពិត នោះ​តើ​កូន​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ‌សារ​អ្វី​វិញ ដូច្នេះ វា​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ជំនុំ​ជំរះ​អ្នក​រាល់​គ្នា​ហើយ

ម៉ាថាយ 12