11. តែទ្រង់ឆ្លើយថា បើអ្នកណា ក្នុងពួកអ្នករាល់គ្នា មានចៀមតែ១ ហើយចៀមនោះធ្លាក់ទៅក្នុងរណ្តៅ នៅថ្ងៃឈប់សំរាក នោះតើមិនទៅចាប់ស្រង់វាមកទេឬអី
12. ឯមនុស្ស តើមានដំឡៃលើសជាងចៀមអម្បាលម៉ានទៅទៀត ដូច្នេះ មានច្បាប់ឲ្យធ្វើការល្អនៅថ្ងៃឈប់សំរាកដែរ
13. រួចទ្រង់មានព្រះបន្ទូលទៅមនុស្សនោះថា ចូរលាតដៃអ្នកទៅ គាត់ក៏លាត ហើយដៃនោះបានជា ដូចដៃម្ខាង។
14. កាលពួកផារីស៊ីបានចេញទៅក្រៅ គេក៏ពិគ្រោះគ្នារកហេតុនឹងធ្វើឲ្យទ្រង់វិនាស
15. តែកាលព្រះយេស៊ូវបានជ្រាប នោះទ្រង់យាងថយចេញពីទីនោះ មានទាំងមនុស្សកកកុញដើរតាមទ្រង់ទៅ ហើយទ្រង់ក៏ប្រោសគេឲ្យជាគ្រប់គ្នាដែរ
16. ទ្រង់ហាមផ្តាច់ មិនឲ្យគេប្រាប់ឲ្យបណ្តាមនុស្សស្គាល់ទ្រង់ឡើយ
17. ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាអេសាយ បានទាយទុកមកថា
18. «មើលអ្នកបំរើដែលអញបានរើសតាំង ជាអ្នកស្ងួនភ្ងា ដែលជាទីពេញចិត្តអញ អញនឹងដាក់វិញ្ញាណអញ ឲ្យសណ្ឋិតនៅលើទ្រង់ ហើយទ្រង់នឹងថ្លែងប្រាប់ពីសេចក្ដីយុត្តិធម៌ ដល់សាសន៍ដទៃ
19. ទ្រង់នឹងមិនតតាំងនឹងគេ ឬស្រែកសំរែកឡើយ នឹងគ្មានអ្នកណាឮសំឡេងទ្រង់នៅក្នុងផ្លូវទេ
20. ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនលត់ប្រឆេះដែលនៅហុយឡើយ ទាល់តែបាននាំសេចក្ដីយុត្តិធម៌ឲ្យមានជ័យជំនះ
21. ហើយអស់ទាំងសាសន៍ដទៃ នឹងមានសេចក្ដីសង្ឃឹម ដោយនូវឈ្មោះទ្រង់»។
22. នោះគេនាំមនុស្សម្នាក់មានអារក្សចូល ដែលខ្វាក់ ហើយគ មកឯទ្រង់ ទ្រង់ក៏ប្រោសឲ្យបានជា គឺឲ្យមនុស្សខ្វាក់ ហើយគនោះ បានទាំងនិយាយ ហើយមើលឃើញផង
23. ឯហ្វូងមនុស្ស គេមានសេចក្ដីអស្ចារ្យទាំងអស់គ្នា ក៏និយាយគ្នាថា អ្នកនេះ តើមិនមែនជាព្រះវង្សហ្លួងដាវីឌនោះទេឬអី