11. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទីស្ទទេ ប៉ុន្តែ អ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌ នោះធំជាងគាត់ហើយ
12. តាំងតែពីគ្រាយ៉ូហាន-បាទីស្ទ ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផង
13. ពីព្រោះអស់ទាំងហោរា និងក្រឹត្យវិន័យបានទាយ ដរាបមកដល់គ្រាលោកយ៉ូហាន
14. ហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះ នោះគឺលោកនេះហើយ ជាលោកអេលីយ៉ាដែលត្រូវមក
15. អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ
16. តើត្រូវឲ្យខ្ញុំធៀបដំណមនុស្សនេះជាអ្វី គឺធៀបដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា
17. យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំទេ
18. ដ្បិតយ៉ូហានបានមកមិនស៊ីមិនផឹកសោះ តែគេថា គាត់មានអារក្សចូល
19. ឯកូនមនុស្ស បានមកទាំងស៊ីទាំងផឹកផង គង់តែគេថា មើលនេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្រសំឡាញ់របស់ពួកយកពន្ធ និងមនុស្សមានបាប ប៉ុន្តែ ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើត។
20. នោះទ្រង់ចាប់តាំងបន្ទោសដល់អស់ទាំងក្រុង ជាកន្លែងដែលទ្រង់បានធ្វើការឫទ្ធិបារមីជាច្រើន ពីព្រោះគេមិនបានប្រែចិត្តសោះ គឺទ្រង់មានព្រះបន្ទូលថា
21. វេទនាដល់ឯង ខូរ៉ាស៊ីនអើយ វេទនាដល់ឯង បេតសៃដាអើយ ពីព្រោះឯការឫទ្ធិបារមីដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅកណ្តាលក្រុងទីរ៉ុស និងស៊ីដូនវិញ នោះគេនឹងបានប្រែចិត្តជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយព្រលាំងដោយផែះផង
22. ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន នឹងទ្រាំបានងាយជាជាងឯងរាល់គ្នា
23. ហើយឯឯង កាពើណិមអើយ ដែលឯងបានដំកើងឡើងស្មើនឹងស្ថានសួគ៌ហើយ ឯងនឹងត្រូវទំលាក់ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ពីព្រោះឯការឫទ្ធិបារមី ដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅក្រុងសូដុំមវិញ នោះក្រុងគេនឹងបានស្ថិតស្ថេរនៅជាដរាបដល់សព្វថ្ងៃនេះ
24. ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ នោះក្រុងសូដុំមនឹងទ្រាំបានងាយជាជាងឯង។
25. នៅវេលានោះ ព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលថា ឱព្រះវបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់ ដោយព្រោះទ្រង់លាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ
26. ហ្នឹងហើយ ព្រះវរបិតាអើយ ដ្បិតទ្រង់បានសព្វព្រះហឫទ័យយ៉ាងដូច្នោះ