ម៉ាថាយ 10:8-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ចូរ​ប្រោស​មនុស្ស​ជំងឺ​ឲ្យ​ជា មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​ជា​ស្អាត ហើយ​ដេញ​អារក្ស​ចេញ​ផង អ្នក​រាល់​គ្នា​បាន​ទទួល​ទទេ ត្រូវ​ឲ្យ​ទទេ​ដែរ

9. កុំ​ឲ្យ​យក​មាស​ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ខ្សែ​ក្រវាត់​របស់​អ្នក​ទៅ​ឡើយ

10. ក៏​កុំ​ឲ្យ​យក​យាម​សំរាប់​តាម​ផ្លូវ ឬ​អាវ​២ ស្បែក​ជើង ឬ​ដំបង​ផង ដ្បិត​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​អាហារ​ចិញ្ចឹម​ខ្លួន

11. នៅ​ក្រុង​ណា ឬ​ភូមិ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​ត្រូវ​ឲ្យ​សួរ​រក​អ្នក​ណា​ក្នុង​ទី​នោះ​ដែល​គេ​គួរ រួច​ឲ្យ​នៅ​ផ្ទះ​អ្នក​នោះ ដរាប​ដល់​អ្នក​ចេញ​ទៅ

12. កាល​ណា​ចូល​ទៅ ក៏​ត្រូវ​ជំរាប​សួរអ្នក​ផ្ទះ​នោះ​ដែរ

13. បើ​អ្នក​ផ្ទះ​នោះ​គេ​គួរ នោះ​ចូរ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​អ្នក​រាល់​គ្នា​នៅ​ផ្ទះ​នោះ​ចុះ តែ​បើ​មិន​គួរ​ទេ នោះ​ត្រូវ​ឲ្យ​សេចក្ដី​សុខ​សាន្ត​ត្រឡប់​មក​លើ​អ្នក​រាល់​គ្នា​វិញ

14. បើ​អ្នក​ណា​មិន​ទទួល ឬ​មិន​ស្តាប់​តាម​ពាក្យ​អ្នក នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចុះ​ពី​ផ្ទះ​នោះ ឬ​ចេញ​ពី​ក្រុង​នោះ រួច​រលាស់​ធូលី​ពី​ជើង​អ្នក​ចេញ

15. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ក្រុង​នោះ​វិញ។

16. នែ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ចៀម​នៅ​កណ្តាល​ហ្វូង​ស្វាន ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ឆ្លាត​ដូច​ជា​ពស់ ហើយ​សុភាព​ដូច​ព្រាប

17. ត្រូវ​ឲ្យ​ប្រយ័ត្ន​នឹង​មនុស្ស​លោក ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ក្រុម‌ជំនុំ ហើយ​នឹង​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ

18. អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​នៅ​មុខ​ចៅ‌ហ្វាយ​ខេត្ត ហើយ​នៅ​ចំពោះ​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​អស់​នោះ ហើយ​នឹង​ពួក​សាសន៍​ដទៃ​ដែរ

19. ប៉ុន្តែ កាល​ណា​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ នោះ​កុំ​ឲ្យ​ថប់​ព្រួយ​ពី​បែប​និយាយ ឬ​ពី​ពាក្យ​ដែល​ត្រូវ​ថា​ឡើយ ពី​ព្រោះ​សេចក្ដី​ដែល​ត្រូវ​និយាយ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​នៅ​វេលា​នោះ​ឯង

20. ដ្បិត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​ត្រូវ​និយាយ​ទេ គឺ​ជា​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌វរ‌បិតា​នៃ​អ្នក​ទេ​តើ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ក្នុង​ខ្លួន​អ្នក​វិញ

21. បង​ប្អូន​នឹង​បញ្ជូន​គ្នា​ឲ្យ​ត្រូវ​ស្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​នឹង​លើក​គ្នា​ទាស់​នឹង​ឪពុក​ម្តាយ ព្រម​ទាំង​សំឡាប់​គាត់​ផង

22. មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ ប៉ុន្តែ អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​នឹង​បាន​សង្គ្រោះ

23. កាល​ណា​គេ​ធ្វើ​ទុក្ខ បៀត‌បៀន​អ្នក​រាល់​គ្នា ក្នុង​ក្រុង​នេះ នោះ​ត្រូវ​រត់​ទៅ​ឯ​ក្រុង​១​ទៀត​វិញ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ដើរ មិន​ទាន់​ដល់​គ្រប់​ទាំង​ទី​ក្រុង​នៃ​សាសន៍​អ៊ីស្រា‌អែល​នៅ​ឡើយ នោះ​កូន​មនុស្ស​នឹង​បាន​មក​ដល់​ហើយ។

24. សិស្ស​មិន​មែន​លើស​ជាង​គ្រូ​ទេ ហើយ​បាវ​ក៏​មិន​លើស​ជាង​ចៅ‌ហ្វាយ​ខ្លួន​ដែរ

25. បើ​សិស្ស​បាន​ស្មើ​នឹង​គ្រូ ហើយ​បាវ​បាន​ស្មើ​នឹង​ចៅ‌ហ្វាយ នោះ​ល្មម​ហើយ បើ​សិន​ជា​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេល‌សេប៊ូល នោះ​ចំណង់​បើ​ពួក​អ្នក​នៅ​ផ្ទះ​នោះ​ទាំង​ប៉ុន្មាន តើ​គេ​នឹង​ហៅ​យ៉ាង​នោះ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។

26. ដូច្នេះ មិន​ត្រូវ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ ឬ​អ្វី​លាក់‌លៀម ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ស្គាល់​នោះ​ទេ

ម៉ាថាយ 10