7. ហើយកំពុងដែលទៅ នោះចូរប្រកាសប្រាប់ថា នគរស្ថានសួគ៌ជិតដល់ហើយ
8. ចូរប្រោសមនុស្សជំងឺឲ្យជា មនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យជាស្អាត ហើយដេញអារក្សចេញផង អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ
9. កុំឲ្យយកមាសប្រាក់ ឬលុយកាក់ ដាក់ក្នុងខ្សែក្រវាត់របស់អ្នកទៅឡើយ
10. ក៏កុំឲ្យយកយាមសំរាប់តាមផ្លូវ ឬអាវ២ ស្បែកជើង ឬដំបងផង ដ្បិតអ្នកដែលធ្វើការ នោះគួរនឹងបានអាហារចិញ្ចឹមខ្លួន
11. នៅក្រុងណា ឬភូមិណា ដែលអ្នករាល់គ្នាចូលទៅ នោះត្រូវឲ្យសួររកអ្នកណាក្នុងទីនោះដែលគេគួរ រួចឲ្យនៅផ្ទះអ្នកនោះ ដរាបដល់អ្នកចេញទៅ
12. កាលណាចូលទៅ ក៏ត្រូវជំរាបសួរអ្នកផ្ទះនោះដែរ
13. បើអ្នកផ្ទះនោះគេគួរ នោះចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានៅផ្ទះនោះចុះ តែបើមិនគួរទេ នោះត្រូវឲ្យសេចក្ដីសុខសាន្តត្រឡប់មកលើអ្នករាល់គ្នាវិញ
14. បើអ្នកណាមិនទទួល ឬមិនស្តាប់តាមពាក្យអ្នក នោះត្រូវឲ្យអ្នករាល់គ្នាចុះពីផ្ទះនោះ ឬចេញពីក្រុងនោះ រួចរលាស់ធូលីពីជើងអ្នកចេញ
15. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជំរះ ក្រុងសូដុំម និងក្រុងកូម៉ូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះវិញ។
16. នែ ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមនៅកណ្តាលហ្វូងស្វាន ដូច្នេះ ចូរធ្វើជាអ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប
17. ត្រូវឲ្យប្រយ័ត្ននឹងមនុស្សលោក ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅក្រុមជំនុំ ហើយនឹងវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំ
18. អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅនៅមុខចៅហ្វាយខេត្ត ហើយនៅចំពោះស្តេច ដោយព្រោះខ្ញុំ ទុកជាទីបន្ទាល់ដល់លោកទាំងអស់នោះ ហើយនឹងពួកសាសន៍ដទៃដែរ