ម៉ាថាយ 10:27-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. ការ​អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ទី​ងងឹត នោះ​ចូរ​សំដែង​នៅ​ទី​ភ្លឺ ហើយ​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ឮ​នៅ​ត្រចៀក នោះ​ចូរ​ថ្លែង​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ​ចុះ

28. កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូប‌កាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះ‌អង្គ​វិញ​ជា​ជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង និង​រូប‌កាយ​វិនាស​ទៅ​ក្នុង​នរក​ផង

29. តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ

30. សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ

31. យ៉ាង​នោះ​មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន។

32. ដូច្នេះ អស់​អ្នក​ណា​ដែល​ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ

33. តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ នោះ​ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ។

34. កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​មក​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​នៅ​ផែនដី​ឡើយ ខ្ញុំ​មិន​មែន​មក ដើម្បី​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​ទេ គឺ​ឲ្យ​មាន​ដាវ​វិញ

35. ដ្បិត​ខ្ញុំ​បាន​មក ដើម្បី​នឹង​នាំ​ឲ្យ​គេ​ទាស់​នឹង​ឪពុក​ខ្លួន ឲ្យ​កូន​ស្រី​ទាស់​នឹង​ម្តាយ ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក

36. ឯ​ពួក​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​ជា​មួយ​នឹង​ខ្លួន​នោះ​ឯង

37. អ្នក​ណា​ដែល​ស្រឡាញ់​ឪពុក ឬ​ម្តាយ ជា​ជាង​ខ្ញុំ នោះ​មិន​គួរ​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​ប្រុស ឬ​ស្រី ជា​ជាង​ខ្ញុំ នោះ​ក៏​មិន​គួរ​នឹង​ខ្ញុំ​ដែរ

38. អ្នក​ណា​ដែល​មិន​យក​ឈើ​ឆ្កាង​ខ្លួន មក​តាម​ខ្ញុំ អ្នក​នោះ​មិន​គួរ​នឹង​ខ្ញុំ​ឡើយ

39. អ្នក​ណា​ដែល​រក​បាន​ជីវិត​ខ្លួន នោះ​នឹង​ត្រូវ​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​យល់​ដល់​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។

ម៉ាថាយ 10