ម៉ាថាយ 10:2-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. រីឯ​ពួក​សាវក​ទាំង​១២​នាក់ នោះ​ដូច​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​នេះ​ស្រាប់ គឺ​មុន​ដំបូង​មាន​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស​១ អនទ្រេ ជា​ប្អូន​គាត់​១ យ៉ាកុប ជា​កូន​សេបេដេ​១ និង​យ៉ូហាន ជា​ប្អូន​គាត់​១

3. ភីលីព​១ បារថូ‌ល៉ូមេ​១ ថូម៉ាស​១ ម៉ាថាយ ជា​អ្នក​យក​ពន្ធ​១ យ៉ាកុប ជា​កូន​អាល់‌ផាយ​១ លេបេ ដែល​ហៅ​ថា​ថាដេ​១

4. ស៊ីម៉ូន ជា​សាសន៍​កាណាន​១ ហើយ​នឹង​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​បញ្ជូន​ទ្រង់​១។

5. ព្រះ‌យេស៊ូវ ទ្រង់​ចាត់​ពួក​១២​នាក់​នេះ ឲ្យ​ទៅ ដោយ​ផ្តាំ​ថា កុំ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​ទៅ​តាម​ផ្លូវ​របស់​សាសន៍​ដទៃ ឬ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា​១​របស់​សាសន៍​សា‌ម៉ា‌រី​ឡើយ

6. ចូរ​ទៅ​ឯ​ចៀម​បាត់‌បង់ របស់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រា‌អែល​វិញ

7. ហើយ​កំពុង​ដែល​ទៅ នោះ​ចូរ​ប្រកាស​ប្រាប់​ថា នគរ​ស្ថាន‌សួគ៌​ជិត​ដល់​ហើយ

8. ចូរ​ប្រោស​មនុស្ស​ជំងឺ​ឲ្យ​ជា មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​ជា​ស្អាត ហើយ​ដេញ​អារក្ស​ចេញ​ផង អ្នក​រាល់​គ្នា​បាន​ទទួល​ទទេ ត្រូវ​ឲ្យ​ទទេ​ដែរ

9. កុំ​ឲ្យ​យក​មាស​ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ខ្សែ​ក្រវាត់​របស់​អ្នក​ទៅ​ឡើយ

10. ក៏​កុំ​ឲ្យ​យក​យាម​សំរាប់​តាម​ផ្លូវ ឬ​អាវ​២ ស្បែក​ជើង ឬ​ដំបង​ផង ដ្បិត​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​អាហារ​ចិញ្ចឹម​ខ្លួន

11. នៅ​ក្រុង​ណា ឬ​ភូមិ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​ត្រូវ​ឲ្យ​សួរ​រក​អ្នក​ណា​ក្នុង​ទី​នោះ​ដែល​គេ​គួរ រួច​ឲ្យ​នៅ​ផ្ទះ​អ្នក​នោះ ដរាប​ដល់​អ្នក​ចេញ​ទៅ

12. កាល​ណា​ចូល​ទៅ ក៏​ត្រូវ​ជំរាប​សួរអ្នក​ផ្ទះ​នោះ​ដែរ

ម៉ាថាយ 10