35. ទ្រង់ក៏គង់ចុះ រួចហៅពួក១២មកមានព្រះបន្ទូលថា បើអ្នកណាចង់ធ្វើលេខ១ នោះត្រូវទៅជាចុងបង្អស់វិញ ហើយត្រូវបំរើគេទាំងអស់ដែរ
36. ទ្រង់ក៏យកកូនតូច១ ដាក់នៅកណ្តាលជំនុំ រួចទ្រង់បីវា មានព្រះបន្ទូលទៅគេថា
37. អ្នកណាដែលទទួលកូនតូច១ ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះមិនមែនទទួលខ្ញុំទេ គឺឈ្មោះថាទទួលព្រះដែលបានចាត់ឲ្យខ្ញុំមកវិញ។
38. យ៉ូហានក៏ទូលទ្រង់ថា លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់ ដែលមិនដើរតាមយើងខ្ញុំ គេកំពុងតែដេញអារក្ស ដោយនូវឈ្មោះលោក ហើយយើងខ្ញុំបានហាមឃាត់គេ ពីព្រោះគេមិនដើរជាមួយនឹងយើងខ្ញុំទេ
39. ព្រះយេស៊ូវមានព្រះបន្ទូលថា កុំឃាត់ឡើយ ដ្បិតគ្មានអ្នកណាអាចនឹងធ្វើការឫទ្ធិបារមី ដោយនូវឈ្មោះខ្ញុំ រួចនិយាយអាក្រក់ពីខ្ញុំភ្លាម១រំពេចបានទេ
40. ដ្បិតអ្នកណាដែលមិនទាស់នឹងយើង នោះកាន់ខាងយើងវិញ
41. អ្នកណាដែលឲ្យទឹក១កែវ ទៅអ្នករាល់គ្នាផឹក ដោយនូវឈ្មោះខ្ញុំ ដោយព្រោះអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះខ្ញុំប្រាប់ជាប្រាកដថា អ្នកនោះមិនបាត់រង្វាន់ខ្លួនឡើយ។
42. តែអ្នកណាដែលធ្វើឲ្យកូនណាមួយ ដែលជឿដល់ខ្ញុំនេះ រវាតចិត្តចេញ នោះបើគេយកថ្មត្បាល់កិនយ៉ាងធំ ចងកអ្នកនោះ ហើយទំលាក់ចុះទៅក្នុងសមុទ្រ យ៉ាងនោះមានប្រយោជន៍ដល់អ្នកនោះជាជាង
43. បើដៃអ្នកនាំឲ្យគេរវាតចិត្ត នោះចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃវិញ ជាជាងមានដៃទាំង២ ហើយធ្លាក់ទៅនរក នៅក្នុងភ្លើងដែលពន្លត់មិនបាន
44. ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ