29. ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនឹងតមទេ។
30. កាលចេញពីទីនោះ ក៏យាងកាត់ស្រុកកាលីឡេទៅ ហើយទ្រង់មិនចង់ឲ្យអ្នកណាដឹងសោះ
31. ដ្បិតទ្រង់កំពុងតែបង្រៀនពួកសិស្សថា កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោក គេនឹងសំឡាប់លោក រួចដល់៣ថ្ងៃក្រោយដែលគេសំឡាប់ នោះលោកនឹងរស់ឡើងវិញ
32. តែអ្នកទាំងនោះមិនបានយល់សេចក្តីនោះទេ ក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ផង។
33. លុះទៅដល់កាពើណិម កាលកំពុងតែនៅក្នុងផ្ទះ នោះទ្រង់មានព្រះបន្ទូលសួរពួកសិស្សថា តើរឿងអ្វីដែលអ្នករាល់គ្នាជជែកគ្នាតាមផ្លូវមកនោះ
34. តែគេនៅតែស្ងៀម ពីព្រោះតាមផ្លូវ គេបានជជែកគ្នា អំពីអ្នកណាដែលធំជាង
35. ទ្រង់ក៏គង់ចុះ រួចហៅពួក១២មកមានព្រះបន្ទូលថា បើអ្នកណាចង់ធ្វើលេខ១ នោះត្រូវទៅជាចុងបង្អស់វិញ ហើយត្រូវបំរើគេទាំងអស់ដែរ
36. ទ្រង់ក៏យកកូនតូច១ ដាក់នៅកណ្តាលជំនុំ រួចទ្រង់បីវា មានព្រះបន្ទូលទៅគេថា
37. អ្នកណាដែលទទួលកូនតូច១ ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះមិនមែនទទួលខ្ញុំទេ គឺឈ្មោះថាទទួលព្រះដែលបានចាត់ឲ្យខ្ញុំមកវិញ។
38. យ៉ូហានក៏ទូលទ្រង់ថា លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់ ដែលមិនដើរតាមយើងខ្ញុំ គេកំពុងតែដេញអារក្ស ដោយនូវឈ្មោះលោក ហើយយើងខ្ញុំបានហាមឃាត់គេ ពីព្រោះគេមិនដើរជាមួយនឹងយើងខ្ញុំទេ
39. ព្រះយេស៊ូវមានព្រះបន្ទូលថា កុំឃាត់ឡើយ ដ្បិតគ្មានអ្នកណាអាចនឹងធ្វើការឫទ្ធិបារមី ដោយនូវឈ្មោះខ្ញុំ រួចនិយាយអាក្រក់ពីខ្ញុំភ្លាម១រំពេចបានទេ