13. ចំណែកលោកអេលីយ៉ា នោះខ្ញុំប្រាប់អ្នករាល់គ្នាថា លោកបានមកហើយ គេក៏បានប្រព្រឹត្តនឹងលោកតាមតែអំពើចិត្ត ដូចជាមានសេចក្តីចែងទុកពីលោកស្រាប់។
14. លុះបានមកដល់ពួកសិស្សហើយ នោះទ្រង់ឃើញមានហ្វូងមនុស្សជាធំនៅព័ទ្ធគេជុំវិញ ក៏មានពួកអាចារ្យខ្លះ កំពុងតែដេញដោល
15. កាលហ្វូងមនុស្សឃើញទ្រង់ ស្រាប់តែកើតមានសេចក្តីស្រឡាំងកាំង រួចរត់ទៅទទួលទ្រង់ដោយគោរព
16. ទ្រង់មានព្រះបន្ទូលសួរពួកអាចារ្យថា តើអ្នករាល់គ្នាជជែកពីរឿងអ្វីនឹងអ្នកទាំងនេះ
17. នោះមានម្នាក់ក្នុងហ្វូងមនុស្សទូលកាត់ឆ្លើយថា លោកគ្រូអើយ ខ្ញុំបាននាំកូនខ្ញុំមកឯលោក ព្រោះវាមានអារក្សគចូល
18. នៅកន្លែងណាដែលអារក្សជាន់វាម្តងៗ នោះក៏ធ្វើឲ្យវាប្រកាច់ជាខ្លាំង វាបែកពពុះមាត់ ព្រមទាំងសង្កៀតធ្មេញ ហើយចេះតែហេវទៅៗ ខ្ញុំបានសូមពួកសិស្សលោក ឲ្យដេញអារក្សនោះដែរ តែគេពុំអាចដេញចេញបានទេ
19. ទ្រង់មានព្រះបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿអើយ តើត្រូវឲ្យខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដល់កាលណា តើត្រូវឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំវាមកឯខ្ញុំ
20. គេក៏នាំវាទៅ កាលបានឃើញទ្រង់ នោះស្រាប់តែអារក្សជាន់វា ឲ្យប្រកាច់ដួលននៀលនៅដី ទាំងបែកពពុះមាត់
21. ទ្រង់មានព្រះបន្ទូលសួរឪពុកថា វាបានឈឺដូច្នេះជាយូរប៉ុន្មានមកហើយ គាត់ទូលឆ្លើយថា តាំងតែពីតូចមក
22. ជួនកាលក៏បោះវាទៅក្នុងភ្លើងក្នុងទឹកជាញយៗ ដើម្បីនឹងបំផ្លាញវាទៅ ប៉ុន្តែ បើលោកអាចនឹងជួយបាន នោះសូមអាណិតមេត្តាជួយយើងខ្ញុំផង
23. ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា បើអាចនឹងជឿបាន នោះការទាំងអស់នឹងសំរេចបាន ដល់អ្នកណាដែលជឿ