ម៉ាកុស 9:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្តី​ស្លាប់ ដរាប​ដល់​បាន​ឃើញ​នគរ​ព្រះ​មក ទាំង​មាន​ព្រះ‌ចេស្តា។

2. កន្លង​៦​ថ្ងៃ​មក​ទៀត ព្រះ‌យេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ទៅ​ជា​មួយ នាំ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់ ដោយ‌ឡែក ទ្រង់​ក៏​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ

3. ព្រះ‌ពស្ត្រ​ទ្រង់​ត្រឡប់​ជា​ភ្លឺ​ស‌ស្គុស​ដូច​ហិមៈ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ប្រមោក​ណា នៅ​ផែនដី​នេះ ដែល​អាច​នឹង​ប្រមោក​ឲ្យ​ស​ដូច្នោះ​បាន​ឡើយ

4. នោះ​លោក​អេលីយ៉ា ព្រម​ទាំង​លោក​ម៉ូសេ បាន​លេច​មក​ឲ្យ​ឃើញ កំពុង​តែ​ទូល​នឹង​ព្រះ‌យេស៊ូវ

5. រួច​ពេត្រុស​ទូល​ទៅ​ទ្រង់​ថា លោក​គ្រូ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សំរាប់​លោក ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា

6. នេះ​ដ្បិត​គាត់​មិន​ដឹង​ជា​ត្រូវ​និយាយ​ដូច​ម្តេច​ទេ ពី​ព្រោះ​មាន​សេចក្តី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា

7. នោះ​មាន​ពពក​មក​គ្រប​បាំង ហើយ​មាន​ឮ​សូរ​សំឡេង​ចេញ​ពី​ពពក​ថា នេះ​ជា​កូន​ស្ងួនភ្ងា​អញ ចូរ​ស្តាប់​តាម​ចុះ

8. ស្រាប់​តែ​គេ​ក្រឡេក​មើល​ជុំ‌វិញ​ទៅ ឥត​មាន​ឃើញ​អ្នក​ណា​ទៀត​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​គង់​ជា​មួយ​ប៉ុណ្ណោះ។

9. កំពុង​ដែល​ចុះ​ពី​ភ្នំ​មក នោះ​ទ្រង់​ហាម​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ដែល​បាន​ឃើញ​នោះ​ឡើយ ដរាប​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ

10. អ្នក​ទាំង​នោះ​ក៏​រក្សា​ពាក្យ​នោះ​ទុក​នៅ​តែ​ក្នុង​ពួក​គេ ហើយ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​យ៉ាង​ណា

11. ក៏​ទូល​សួរ​ទ្រង់​ថា ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ប្រាប់​ថា លោក​អេលីយ៉ា​ត្រូវ​តែ​មក​ជា​មុន

12. ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា លោក​អេលីយ៉ា​ត្រូវ​មក​មុន​មែន ដើម្បី​នឹង​តាំង​ការ​ទាំង​អស់​ឡើង​វិញ ប៉ុន្តែ ធ្វើ​ដូច​ម្តេច​បាន​ជា​មាន​សេចក្តី​ចែង​ទុក​ពី​កូន​មនុស្ស​ថា លោក​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើល‌ងាយ​ផង

13. ចំណែក​លោក​អេលីយ៉ា នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​បាន​មក​ហើយ គេ​ក៏​បាន​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​អំពើ​ចិត្ត ដូច​ជា​មាន​សេចក្តី​ចែង​ទុក​ពី​លោក​ស្រាប់។

14. លុះ​បាន​មក​ដល់​ពួក​សិស្ស​ហើយ នោះ​ទ្រង់​ឃើញ​មាន​ហ្វូង​មនុស្ស​ជា​ធំ​នៅ​ព័ទ្ធ​គេ​ជុំ‌វិញ ក៏​មាន​ពួក​អាចារ្យ​ខ្លះ កំពុង​តែ​ដេញ​ដោល

15. កាល​ហ្វូង​មនុស្ស​ឃើញ​ទ្រង់ ស្រាប់​តែ​កើត​មាន​សេចក្តី​ស្រឡាំង​កាំង រួច​រត់​ទៅ​ទទួល​ទ្រង់​ដោយ​គោរព

16. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ពួក​អាចារ្យ​ថា តើ​អ្នក​រាល់​គ្នា​ជជែក​ពី​រឿង​អ្វី​នឹង​អ្នក​ទាំង​នេះ

ម៉ាកុស 9