20. ហើយកាលកាច់នំបុ័ង៧ឲ្យដល់៤ពាន់នាក់ នោះបានប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកំប្រោង គេទូលឆ្លើយថា បាន៧
21. នោះទ្រង់សួរថា ម្តេចក៏អ្នករាល់គ្នានៅតែមិនយល់ទៀត។
22. ទ្រង់ក៏យាងមកដល់ក្រុងបេតសៃដា រួចមានគេនាំមនុស្សខ្វាក់ម្នាក់មកទូលអង្វរឲ្យទ្រង់ពាល់គាត់
23. ទ្រង់ក៏ចាប់ដៃមនុស្សខ្វាក់នោះនាំចេញទៅក្រៅភូមិ រួចស្តោះដាក់ភ្នែកគាត់ ហើយដាក់ព្រះហស្តលើ ព្រមទាំងសួរបើគាត់ឃើញអ្វីឬទេ
24. គាត់ក៏ងើបភ្នែកឡើងទូលឆ្លើយថា ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ
25. នោះទ្រង់ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត ប្រាប់ឲ្យងើបឡើងមើលស្រាប់តែភ្នែកគាត់បានភ្លឺឡើង ឃើញច្បាស់ទាំងអស់
26. ទ្រង់ឲ្យគាត់ទៅផ្ទះវិញ ទាំងហាមថា កុំឲ្យចូលទៅក្នុងភូមិ ឬប្រាប់អ្នកណានៅក្នុងភូមិឡើយ។
27. ព្រះយេស៊ូវ និងពួកសិស្ស ក៏ចេញទៅឯភូមិទាំងប៉ុន្មាន នៅស្រុកសេសារា-ភីលីព ទ្រង់មានព្រះបន្ទូលសួរពួកសិស្សតាមផ្លូវថា តើមនុស្សទាំងឡាយ គេថាខ្ញុំជាអ្នកណា
28. ពួកសិស្សទូលឆ្លើយថា ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ហើយខ្លះទៀតថាជាហោរាណាមួយ
29. ទ្រង់សួរថា ចុះឯអ្នករាល់គ្នា តើថាខ្ញុំជាអ្នកណា នោះពេត្រុសឆ្លើយឡើងថា ទ្រង់ជាព្រះគ្រីស្ទ
30. ទ្រង់ក៏ហាមផ្តាច់ មិនឲ្យគេប្រាប់អ្នកណាពីដំណើរទ្រង់សោះ
31. រួចទ្រង់ចាប់តាំងបង្រៀនគេថា កូនមនុស្សត្រូវរងទុក្ខជាច្រើន ហើយត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ បោះបង់ចោល ហើយសំឡាប់លោក រួច៣ថ្ងៃក្រោយដែលលោកស្លាប់ទៅ នោះលោកនឹងរស់ឡើងវិញ
32. ទ្រង់មានព្រះបន្ទូលពីដំណើរនោះយ៉ាងច្បាស់លាស់ នោះពេត្រុសនាំទ្រង់ទៅ ចាប់តាំងនិយាយជំទាស់ដល់ទ្រង់
33. តែទ្រង់បែរមកទតឃើញពួកសិស្ស ក៏បន្ទោសពេត្រុសថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះសោះ គឺតាមតែគំនិតរបស់មនុស្សលោកវិញ។
34. កាលទ្រង់បានហៅហ្វូងមនុស្ស និងពួកសិស្សមក នោះក៏មានព្រះបន្ទូលទៅគេថា អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ
35. ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ នោះនឹងបានជីវិតវិញ
36. ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ