11. នោះពួកផារីស៊ីចេញមក តាំងជជែកដើម្បីនឹងល្បងទ្រង់ ដោយសូមឲ្យទ្រង់សំដែងទីសំគាល់ពីលើមេឃឲ្យគេឃើញ
12. ទ្រង់ក៏ថ្ងូរក្នុងព្រះហឫទ័យ ហើយមានព្រះបន្ទូលថា ហេតុអ្វីបានជាមនុស្សដំណនេះចង់រកតែទីសំគាល់ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសំគាល់ណាប្រទានមកមនុស្សដំណនេះឡើយ
13. រួចទ្រង់យាងចេញពីគេ ចុះទូកឆ្លងទៅឯត្រើយម្ខាងវិញ។
14. ឯពួកសិស្ស គេភ្លេចយកនំបុ័ងទៅ នៅជាប់តែ១ដុំក្នុងទូកប៉ុណ្ណោះ
15. ទ្រង់ក៏ផ្តាំគេថា ចូរប្រុងមើលហើយប្រយ័ត្ននឹងដំបែររបស់ពួកផារីស៊ី និងរបស់ហេរ៉ូឌ ឲ្យមែនទែន
16. គេរិះគិតគ្នាថា គឺពីព្រោះយើងគ្មាននំបុ័ងទេដឹង
17. កាលព្រះយេស៊ូវបានជ្រាប នោះទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំបុ័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី តើមានចិត្តរឹងរូសឬអី
18. អ្នករាល់គ្នាមានភ្នែក តើមើលមិនឃើញ មានត្រចៀក តើស្តាប់មិនឮ ហើយមិនចាំទេឬអី
19. ពីកាលខ្ញុំបានកាច់នំបុ័ង៥ឲ្យដល់៥ពាន់នាក់ នោះតើប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក គេទូលឆ្លើយថា បាន១២
20. ហើយកាលកាច់នំបុ័ង៧ឲ្យដល់៤ពាន់នាក់ នោះបានប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកំប្រោង គេទូលឆ្លើយថា បាន៧
21. នោះទ្រង់សួរថា ម្តេចក៏អ្នករាល់គ្នានៅតែមិនយល់ទៀត។
22. ទ្រង់ក៏យាងមកដល់ក្រុងបេតសៃដា រួចមានគេនាំមនុស្សខ្វាក់ម្នាក់មកទូលអង្វរឲ្យទ្រង់ពាល់គាត់
23. ទ្រង់ក៏ចាប់ដៃមនុស្សខ្វាក់នោះនាំចេញទៅក្រៅភូមិ រួចស្តោះដាក់ភ្នែកគាត់ ហើយដាក់ព្រះហស្តលើ ព្រមទាំងសួរបើគាត់ឃើញអ្វីឬទេ
24. គាត់ក៏ងើបភ្នែកឡើងទូលឆ្លើយថា ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ
25. នោះទ្រង់ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត ប្រាប់ឲ្យងើបឡើងមើលស្រាប់តែភ្នែកគាត់បានភ្លឺឡើង ឃើញច្បាស់ទាំងអស់
26. ទ្រង់ឲ្យគាត់ទៅផ្ទះវិញ ទាំងហាមថា កុំឲ្យចូលទៅក្នុងភូមិ ឬប្រាប់អ្នកណានៅក្នុងភូមិឡើយ។
27. ព្រះយេស៊ូវ និងពួកសិស្ស ក៏ចេញទៅឯភូមិទាំងប៉ុន្មាន នៅស្រុកសេសារា-ភីលីព ទ្រង់មានព្រះបន្ទូលសួរពួកសិស្សតាមផ្លូវថា តើមនុស្សទាំងឡាយ គេថាខ្ញុំជាអ្នកណា