1. នៅគ្រានោះ មានហ្វូងមនុស្សជាធំណាស់ ហើយគេគ្មានអ្វីបរិភោគ បានជាព្រះយេស៊ូវទ្រង់ហៅពួកសិស្ស មកមានព្រះបន្ទូលថា
2. ខ្ញុំមានចិត្តក្តួលអាណិតដល់មនុស្សទាំងអស់នេះណាស់ ពីព្រោះគេបានមកនៅជាមួយនឹងខ្ញុំ ៣ថ្ងៃហើយ តែឥឡូវនេះគ្មានអ្វីបរិភោគទេ
3. បើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញទាំងអត់ នោះគេនឹងហេវតាមផ្លូវ ដ្បិតខ្លះបានមកពីឆ្ងាយណាស់
4. ពួកសិស្សទូលឆ្លើយថា នៅទីស្ងាត់នេះ តើនឹងរកនំបុ័ងពីណា ដើម្បីចំអែតដល់មនុស្សទាំងនេះបាន
5. ទ្រង់សួរគេថា អ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន គេទូលឆ្លើយថា មាន៧
6. នោះទ្រង់បង្គាប់ឲ្យហ្វូងមនុស្សអង្គុយនៅដី រួចទ្រង់យកនំបុ័ង៧នោះមក ក៏អរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅជូនដល់ហ្វូងមនុស្ស គេក៏លើកទៅ
7. មានត្រីតូចៗខ្លះដែរ កាលទ្រង់បានប្រទានពរហើយ នោះក៏បង្គាប់ឲ្យលើកយកទៅឲ្យគេទៀត
8. ហើយទាំងអស់គ្នាបានបរិភោគឆ្អែត រួចគេប្រមូលចំណិត ដែលសល់នៅបាន៧កំប្រោង
9. ឯពួកអ្នកដែលបានបរិភោគ នោះមានចំនួន៤ពាន់នាក់ រួចទ្រង់ឲ្យគេទៅវិញ
10. ស្រាប់តែទ្រង់យាងចុះទូក ជាមួយនឹងពួកសិស្សទៅឯស្រុកដាលម៉ានូថាទៅ។
11. នោះពួកផារីស៊ីចេញមក តាំងជជែកដើម្បីនឹងល្បងទ្រង់ ដោយសូមឲ្យទ្រង់សំដែងទីសំគាល់ពីលើមេឃឲ្យគេឃើញ
12. ទ្រង់ក៏ថ្ងូរក្នុងព្រះហឫទ័យ ហើយមានព្រះបន្ទូលថា ហេតុអ្វីបានជាមនុស្សដំណនេះចង់រកតែទីសំគាល់ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសំគាល់ណាប្រទានមកមនុស្សដំណនេះឡើយ
13. រួចទ្រង់យាងចេញពីគេ ចុះទូកឆ្លងទៅឯត្រើយម្ខាងវិញ។
14. ឯពួកសិស្ស គេភ្លេចយកនំបុ័ងទៅ នៅជាប់តែ១ដុំក្នុងទូកប៉ុណ្ណោះ