ម៉ាកុស 8:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​គ្រា​នោះ មាន​ហ្វូង​មនុស្ស​ជា​ធំ​ណាស់ ហើយ​គេ​គ្មាន​អ្វី​បរិភោគ បាន​ជា​ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​ពួក​សិស្ស មក​មាន​ព្រះ‌បន្ទូល​ថា

2. ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​មនុស្ស​ទាំង​អស់​នេះ​ណាស់ ពី​ព្រោះ​គេ​បាន​មក​នៅ​ជា​មួយ​នឹង​ខ្ញុំ ៣​ថ្ងៃ​ហើយ តែ​ឥឡូវ​នេះ​គ្មាន​អ្វី​បរិភោគ​ទេ

3. បើ​ខ្ញុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​អត់ នោះ​គេ​នឹង​ហេវ​តាម​ផ្លូវ ដ្បិត​ខ្លះ​បាន​មក​ពី​ឆ្ងាយ​ណាស់

4. ពួក​សិស្ស​ទូល​ឆ្លើយ​ថា នៅ​ទី​ស្ងាត់​នេះ តើ​នឹង​រក​នំបុ័ង​ពី​ណា ដើម្បី​ចំអែត​ដល់​មនុស្ស​ទាំង​នេះ​បាន

5. ទ្រង់​សួរ​គេ​ថា អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន គេ​ទូល​ឆ្លើយ​ថា មាន​៧

6. នោះ​ទ្រង់​បង្គាប់​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​ដី រួច​ទ្រង់​យក​នំបុ័ង​៧​នោះ​មក ក៏​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ជូន​ដល់​ហ្វូង​មនុស្ស គេ​ក៏​លើក​ទៅ

7. មាន​ត្រី​តូចៗ​ខ្លះ​ដែរ កាល​ទ្រង់​បាន​ប្រទាន​ពរ​ហើយ នោះ​ក៏​បង្គាប់​ឲ្យ​លើក​យក​ទៅ​ឲ្យ​គេ​ទៀត

8. ហើយ​ទាំង​អស់​គ្នា​បាន​បរិភោគ​ឆ្អែត រួច​គេ​ប្រមូល​ចំណិត ដែល​សល់​នៅ​បាន​៧​កំប្រោង

9. ឯ​ពួក​អ្នក​ដែល​បាន​បរិភោគ នោះ​មាន​ចំនួន​៤​ពាន់​នាក់ រួច​ទ្រង់​ឲ្យ​គេ​ទៅ​វិញ

10. ស្រាប់​តែ​ទ្រង់​យាង​ចុះ​ទូក ជា​មួយ​នឹង​ពួក​សិស្ស​ទៅ​ឯ​ស្រុក​ដាលម៉ា‌នូថាទៅ។

11. នោះ​ពួក​ផារី‌ស៊ី​ចេញ​មក តាំង​ជជែក​ដើម្បី​នឹង​ល្បង​ទ្រង់ ដោយ​សូម​ឲ្យ​ទ្រង់​សំដែង​ទី​សំគាល់​ពី​លើ​មេឃ​ឲ្យ​គេ​ឃើញ

ម៉ាកុស 8