15. គ្មានអ្វីពីខាងក្រៅ ចូលទៅក្នុងខ្លួនមនុស្ស ដែលអាចនឹងធ្វើឲ្យស្មោកគ្រោកបានទេ គឺជាសេចក្តីដែលចេញពីមនុស្សមកទេតើ ដែលធ្វើឲ្យស្មោកគ្រោកវិញ
16. បើអ្នកណាមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។
17. កាលទ្រង់បានថយពីហ្វូងមនុស្ស យាងចូលទៅក្នុងផ្ទះវិញ នោះពួកសិស្សទូលសួរទ្រង់ពីពាក្យប្រៀបប្រដូចនោះ
18. ទ្រង់មានព្រះបន្ទូលថា តើអ្នករាល់គ្នានៅតែមិនយល់ដែរឬអី តើអ្នករាល់គ្នានឹកមិនឃើញទេឬអីថា របស់អ្វីពីខាងក្រៅដែលចូលក្នុងមនុស្ស នោះពុំអាចនឹងធ្វើឲ្យស្មោកគ្រោកបានទេ
19. ដ្បិតរបស់នោះមិនបានចូលទៅក្នុងចិត្ត គឺចូលទៅតែក្នុងពោះប៉ុណ្ណោះ រួចចេញទៅក្នុងបង្គន់ ដូច្នេះ អស់ទាំងអាហារឈ្មោះថា ជារបស់ស្អាតវិញ
20. ទ្រង់ក៏មានព្រះបន្ទូលថា គឺជាសេចក្តីដែលចេញពីមនុស្សមកទេតើ ដែលធ្វើឲ្យស្មោកគ្រោកនោះ
21. ដ្បិតនៅពីខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស មានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះ គឺសេចក្តីកំផិត សហាយស្មន់ កាប់សំឡាប់គេ
22. លួចប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ និងសេចក្តីចំកួត
23. គឺសេចក្តីអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សស្មោកគ្រោកវិញ។
24. ទ្រង់ក្រោកឡើងយាងចេញពីទីនោះ ទៅឯប្រទល់ដែនស្រុកទីរ៉ុស និងស្រុកស៊ីដូន រួចចូលទៅក្នុងផ្ទះ១ មិនចង់ឲ្យអ្នកណាដឹងសោះ តែទ្រង់នៅកំបាំងពុំបាន
25. ដ្បិតមានស្ត្រីម្នាក់មានកូនស្រី១ ដែលអារក្សអសោចចូល នាងបានឮនិយាយពីទ្រង់ ក៏មកទំលាក់ខ្លួនក្រាបនៅទៀបព្រះបាទទ្រង់
26. (រីឯស្ត្រីនោះ ជាសាសន៍ក្រេក កូនកាត់ស៊ីរ៉ូ-ភេនីស) នាងក៏ទូលអង្វរឲ្យទ្រង់ដេញអារក្សពីកូនស្រីនាងចេញ
27. តែព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ទុកឲ្យកូនក្មេងស៊ីឆ្អែតជាមុនសិន ព្រោះមិនគួរនឹងយកនំបុ័ងរបស់កូនក្មេងបោះទៅឲ្យឆ្កែស៊ីទេ
28. នាងទូលឆ្លើយថា មែនហើយ ព្រះអម្ចាស់ ប៉ុន្តែ ឆ្កែនៅក្រោមតុវាស៊ីកំទេចពីកូនក្មេងដែរ
29. នោះទ្រង់មានព្រះបន្ទូលថា ដោយព្រោះពាក្យនោះ ចូរនាងទៅចុះ អារក្សបានចេញពីកូននាងហើយ
30. រួចកាលនាងបានទៅដល់ផ្ទះវិញ ក៏ឃើញកូនដេកនៅលើគ្រែ អារក្សបានចេញស្រេចហើយ។