45. ស្រាប់តែទ្រង់បង្ខំពួកសិស្ស ឲ្យចុះទូកឆ្លងទៅឯបេតសៃដា នៅត្រើយម្ខាងជាមុន ដរាបដល់ទ្រង់ឲ្យហ្វូងមនុស្សទៅវិញអស់
46. កាលទ្រង់បានឲ្យគេទៅអស់ហើយ នោះក៏យាងឡើងទៅលើភ្នំ ដើម្បីនឹងអធិស្ឋាន
47. លុះពេលព្រលប់ នោះទូកនៅកណ្តាលសមុទ្រ តែទ្រង់គង់នៅលើគោកតែ១ព្រះអង្គទ្រង់
48. ទ្រង់ក៏ឃើញពួកសិស្សចែវទូកទាំងលំបាក ព្រោះច្រាសខ្យល់ លុះពេលប្រហែលជាយាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯគេ ហើយធ្វើហាក់ដូចជាចង់យាងបង្ហួសទៅទៀត
49. លុះកាលគេបានឃើញទ្រង់យាងលើទឹកសមុទ្រដូច្នេះ នោះគេនឹកស្មានថាជាខ្មោចលង ហើយក៏ស្រែកឡើង
50. ដ្បិតគ្រប់គ្នាបានឃើញទ្រង់ ហើយក៏ភ័យស្លុត តែទ្រង់មានព្រះបន្ទូលទៅគេជា១រំពេចថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី
51. នោះទ្រង់យាងឡើងទៅឯគេនៅក្នុងទូក រួចខ្យល់ក៏ស្ងប់ឈឹង អ្នកទាំងនោះមានសេចក្តីអស្ចារ្យជាខ្លាំងពន់ពេក ព្រមទាំងវិលវល់ក្នុងចិត្ត
52. គេមិនបានយល់ដោយសារការដែលបានចំរើននំបុ័ងទេ ដ្បិតគេមានចិត្តរឹងរូស។
53. លុះបានឆ្លងទៅដល់ស្រុកគេនេសារ៉ែត ត្រើយខាងនាយហើយ នោះក៏ឈប់ចតទូក
54. កាលបានឡើងពីទូក នោះមនុស្សទាំងឡាយបានស្គាល់ទ្រង់ជា១រំពេច
55. ហើយរត់ទៅគ្រប់ក្នុងស្រុកជុំវិញ តាំងសែងមនុស្សជំងឺដេកលើពូកមកឯទ្រង់ នៅកន្លែងត្រង់ណាដែលគេឮថាទ្រង់គង់នៅ
56. ហើយកន្លែងណាក៏ដោយ ដែលទ្រង់យាងចូល ទោះក្នុងភូមិ ក្នុងទីក្រុង ឬស្រុកស្រែក្តី គេក៏បានដាក់មនុស្សជំងឺទាំងប៉ុន្មាននៅទីផ្សារ រួចទូលអង្វរទ្រង់ឲ្យគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ទ្រង់តែប៉ុណ្ណោះ ហើយអស់អ្នកណាដែលបានពាល់ទ្រង់ នោះក៏បានជាទាំងអស់គ្នា។