24. នាងក៏ចេញទៅសួរមាតាថា តើត្រូវឲ្យខ្ញុំម្ចាស់សូមអ្វី មាតាឆ្លើយថា ឲ្យសូមក្បាលយ៉ូហាន-បាទីស្ទវិញ
25. រួចនាងក៏ប្រញាប់ប្រញាល់ចូលទៅឯស្តេចភ្លាម ទូលថា ខ្ញុំម្ចាស់ចង់បានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឥឡូវនេះ
26. ពាក្យនោះជាហេតុនាំឲ្យស្តេចមានព្រះទ័យព្រួយខ្លាំងណាស់ តែដោយព្រោះសម្បថរបស់ទ្រង់ ហើយនឹងពួកភ្ញៀវ បានជាទ្រង់មិនប្រកែកឡើយ
27. ទ្រង់ចាត់ពេជ្ឃឃាតម្នាក់ទៅភ្លាម ដោយបង្គាប់ឲ្យទៅយកក្បាលលោកមក
28. អ្នកនោះក៏ទៅកាត់ក្បាលលោក នៅក្នុងគុក ដាក់លើថាសមកជូននាង នាងក៏ថ្វាយដល់មាតា
29. កាលពួកសិស្សរបស់លោកបានឮ នោះគេមកយកសពលោកទៅបញ្ចុះក្នុងផ្នូរទៅ។
30. ឯពួកសាវក ក៏ប្រជុំគ្នាឯព្រះយេស៊ូវ រ៉ាយរឿងទូលទ្រង់ពីការដែលខ្លួនបានធ្វើទាំងប៉ុន្មាន ហើយពីសេចក្តីដែលបានបង្រៀនដែរ
31. រួចទ្រង់មានព្រះបន្ទូលទៅគេថា ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន ពីព្រោះមានគេដើរទៅដើរមកច្រើនណាស់ ដល់ម៉្លេះបានជារកពេលគ្រាន់តែបរិភោគក៏មិនបានផង