23. ទ្រង់ក៏ស្បថនឹងនាងទៀតថា របស់អ្វីក៏ដោយដែលនាងសូម នោះយើងនឹងឲ្យដោយពិត ទោះបើដល់នគរ១ចំហៀងផង
24. នាងក៏ចេញទៅសួរមាតាថា តើត្រូវឲ្យខ្ញុំម្ចាស់សូមអ្វី មាតាឆ្លើយថា ឲ្យសូមក្បាលយ៉ូហាន-បាទីស្ទវិញ
25. រួចនាងក៏ប្រញាប់ប្រញាល់ចូលទៅឯស្តេចភ្លាម ទូលថា ខ្ញុំម្ចាស់ចង់បានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឥឡូវនេះ
26. ពាក្យនោះជាហេតុនាំឲ្យស្តេចមានព្រះទ័យព្រួយខ្លាំងណាស់ តែដោយព្រោះសម្បថរបស់ទ្រង់ ហើយនឹងពួកភ្ញៀវ បានជាទ្រង់មិនប្រកែកឡើយ
27. ទ្រង់ចាត់ពេជ្ឃឃាតម្នាក់ទៅភ្លាម ដោយបង្គាប់ឲ្យទៅយកក្បាលលោកមក
28. អ្នកនោះក៏ទៅកាត់ក្បាលលោក នៅក្នុងគុក ដាក់លើថាសមកជូននាង នាងក៏ថ្វាយដល់មាតា
29. កាលពួកសិស្សរបស់លោកបានឮ នោះគេមកយកសពលោកទៅបញ្ចុះក្នុងផ្នូរទៅ។
30. ឯពួកសាវក ក៏ប្រជុំគ្នាឯព្រះយេស៊ូវ រ៉ាយរឿងទូលទ្រង់ពីការដែលខ្លួនបានធ្វើទាំងប៉ុន្មាន ហើយពីសេចក្តីដែលបានបង្រៀនដែរ
31. រួចទ្រង់មានព្រះបន្ទូលទៅគេថា ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន ពីព្រោះមានគេដើរទៅដើរមកច្រើនណាស់ ដល់ម៉្លេះបានជារកពេលគ្រាន់តែបរិភោគក៏មិនបានផង
32. នោះក៏នាំគ្នាចុះទូកចេញទៅឯទីស្ងាត់ដោយឡែកទៅ
33. ឯហ្វូងមនុស្សគេឃើញទ្រង់ចេញទៅ ហើយមានគ្នាច្រើនបានស្គាល់ទ្រង់ បានជាមានមនុស្សពីគ្រប់ក្រុងទាំងប៉ុន្មាន នាំគ្នារត់ទៅមុន ប្រជុំគ្នាឯទ្រង់។
34. កាលព្រះយេស៊ូវបានឡើងពីទូកមក នោះទ្រង់ឃើញហ្វូងមនុស្សជាធំ ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្តីជាច្រើន
35. លុះពេលជ្រុលហើយ នោះពួកសិស្សមកទូលទ្រង់ថា ទីនេះជាទីស្ងាត់ ហើយពេលក៏ជ្រុលផង
36. សូមទ្រង់ឲ្យគេទៅរកទិញអាហារនៅស្រុកស្រែ ហើយក្នុងភូមិនៅជុំវិញចុះ ដ្បិតគេគ្មានអ្វីបរិភោគសោះ