ម៉ាកុស 6:15-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. តែ​អ្នក​ខ្លះ​ថា​ជា​អេលីយ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា ឬ​ដូច​ជា​ហោរា​ណា​មួយ

16. ប៉ុន្តែ កាល​ស្តេច​ហេរ៉ូឌ​បាន​ឮ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នោះ​គឺ​ជា​យ៉ូហាន​ដែល​យើង​បាន​កាត់​ក្បាល​ទេ គាត់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ

17. ដ្បិត​គឺ​ស្តេច​ហេរ៉ូឌ​នេះ​ឯង ដែល​បាន​ប្រើ​គេ​ទៅ​ចាប់​ចង​លោក​យ៉ូហាន​ដាក់​គុក ដោយ​ព្រោះ​ហេរ៉ូ‌ឌាស ជា​ភរិយា​របស់​ភីលីព អនុជ​ទ្រង់ ព្រោះ​ស្តេច​បាន​យក​នាង​នោះ​មក​ធ្វើ​ជា​ភរិយា​របស់​ខ្លួន​វិញ

18. ហើយ​លោក​យ៉ូហាន​បាន​ទូល​ទាស់​ថា ទ្រង់​គ្មាន​ច្បាប់​នឹង​យក​ភរិយា​របស់​អនុជ​ទ្រង់​ទេ

19. ឯ​នាង​ហេរ៉ូ‌ឌាស ក៏​ចង​គំនុំ​ចង់​សំឡាប់​លោក តែ​មិន​បាន​ឱកាស​សោះ

20. ព្រោះ​ស្តេច​ហេរ៉ូឌ​កោត‌ខ្លាច​លោក​យ៉ូហាន ដោយ​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត ហើយ​បរិសុទ្ធ ទ្រង់​ក៏​ការ‌ពារ​ទុក​វិញ កាល​ទ្រង់​បាន​ស្តាប់​លោក នោះ​ក៏​មាន​ព្រះ‌ទ័យ​រា‌រែក​ជា​ខ្លាំង ប៉ុន្តែ បាន​ស្តាប់​លោក​ដោយ​អំណរ

21. លុះ​ថ្ងៃ​១​ជា​ថ្ងៃ​មាន​ឱកាស​ស្រួល គឺ​ថ្ងៃ​ចំរើន​ព្រះ‌ជន្ម​ស្តេច​ហេរ៉ូឌ កាល​ទ្រង់​រៀប​ជប់‌លៀង​ពួក​មន្ត្រី ពួក​មេ​ទ័ព​ធំ និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលី‌ឡេ

22. នោះ​កូន​ស្រី​របស់​ហេរ៉ូ‌ឌាស​បាន​ចូល​មក​រាំ ជា​ទី​នាំ​ឲ្យ​គាប់​ព្រះ‌ទ័យ​ដល់​ស្តេច​ហេរ៉ូឌ និង​ពួក​ភ្ញៀវ​ណាស់ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា របស់​អ្វី​ដែល​នាង​ចង់​បាន ចូរ​សូម​ពី​យើង​ចុះ យើង​នឹង​ឲ្យ

23. ទ្រង់​ក៏​ស្បថ​នឹង​នាង​ទៀត​ថា របស់​អ្វី​ក៏​ដោយ​ដែល​នាង​សូម នោះ​យើង​នឹង​ឲ្យ​ដោយ​ពិត ទោះ​បើ​ដល់​នគរ​១​ចំហៀង​ផង

24. នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ម្ចាស់​សូម​អ្វី មាតា​ឆ្លើយ​ថា ឲ្យ​សូម​ក្បាល​យ៉ូហាន-បាទីស្ទ​វិញ

25. រួច​នាង​ក៏​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ឯ​ស្តេច​ភ្លាម ទូល​ថា ខ្ញុំ​ម្ចាស់​ចង់​បាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឥឡូវ​នេះ

26. ពាក្យ​នោះ​ជា​ហេតុ​នាំ​ឲ្យ​ស្តេច​មាន​ព្រះ‌ទ័យ​ព្រួយ​ខ្លាំង​ណាស់ តែ​ដោយ​ព្រោះ​សម្បថ​របស់​ទ្រង់ ហើយ​នឹង​ពួក​ភ្ញៀវ បាន​ជា​ទ្រង់​មិន​ប្រកែក​ឡើយ

27. ទ្រង់​ចាត់​ពេជ្ឃ‌ឃាត​ម្នាក់​ទៅ​ភ្លាម ដោយ​បង្គាប់​ឲ្យ​ទៅ​យក​ក្បាល​លោក​មក

28. អ្នក​នោះ​ក៏​ទៅ​កាត់​ក្បាល​លោក នៅ​ក្នុង​គុក ដាក់​លើ​ថាស​មក​ជូន​នាង នាង​ក៏​ថ្វាយ​ដល់​មាតា

29. កាល​ពួក​សិស្ស​របស់​លោក​បាន​ឮ នោះ​គេ​មក​យក​សព​លោក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ទៅ។

30. ឯ​ពួក​សាវក ក៏​ប្រជុំ​គ្នា​ឯ​ព្រះ‌យេស៊ូវ រ៉ាយ​រឿង​ទូល​ទ្រង់​ពី​ការ​ដែល​ខ្លួន​បាន​ធ្វើ​ទាំង​ប៉ុន្មាន ហើយ​ពី​សេចក្តី​ដែល​បាន​បង្រៀន​ដែរ

ម៉ាកុស 6