17. នោះគេចាប់តាំងទូលអង្វរ សូមទ្រង់យាងចេញពីស្រុកគេទៅ
18. កាលទ្រង់បានយាងចុះទូក នោះអ្នកដែលអារក្សចូលពីដើម គាត់ក៏សូមទៅជាមួយនឹងទ្រង់
19. តែទ្រង់មិនអនុញ្ញាតទេ ដោយព្រះបន្ទូលថា ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម៉្លេះ ដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ
20. គាត់ក៏ចេញទៅ ចាប់តាំងប្រកាសប្រាប់ នៅស្រុកដេកាប៉ូល ពីការធំទាំងម៉្លេះ ដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន នោះមនុស្សទាំងអស់ក៏អស្ចារ្យក្នុងចិត្ត។
21. កាលព្រះយេស៊ូវ ទ្រង់បានជិះទូក ឆ្លងដល់ត្រើយម្ខាងវិញហើយ ក៏មានហ្វូងមនុស្សយ៉ាងធំប្រជុំគ្នាឯទ្រង់ ហើយទ្រង់គង់នៅទីមាត់សមុទ្រ
22. នោះមានមេសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរ៉ុស មកដល់ឃើញទ្រង់ ក៏ក្រាបនៅទៀបព្រះបាទទ្រង់
23. គាត់ទទូចអង្វរទូលថា កូនស្រីទូលបង្គំជិតស្លាប់ហើយ សូមទ្រង់យាងទៅដាក់ព្រះហស្តលើវា ឲ្យបានជា នោះវានឹងរស់វិញ
24. ទ្រង់ក៏ចេញទៅជាមួយនឹងគាត់ ហើយមានមនុស្សកកកុញដើរតាមទៅ ទាំងប្រជ្រៀតទ្រង់។
25. នោះមានស្ត្រីម្នាក់ឈឺធ្លាក់ឈាមអស់ ១២ ឆ្នាំមកហើយ
26. នាងបានឈឺសន្ធឹក នៅដៃគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានៗ តែមិនបានគ្រាន់បើសោះ ជំងឺនោះកាន់តែខ្លាំងឡើងវិញ
27. នាងបានឮនិយាយពីព្រះយេស៊ូវ ក៏ចូលមកក្នុងហ្វូងមនុស្សពីក្រោយ ទៅពាល់ព្រះពស្ត្រទ្រង់
28. ដោយគិតថា បើគ្រាន់តែពាល់ព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ
29. ឯជំងឺធ្លាក់ឈាម ក៏បាត់ក្នុងខណៈ១រំពេចនោះ ហើយនាងបានដឹងក្នុងខ្លួនថា នាងរួចពីសេចក្តីវេទនានោះហើយ
30. នោះស្រាប់តែព្រះយេស៊ូវជ្រាបក្នុងព្រះអង្គទ្រង់ថា មានព្រះចេស្តាចេញពីទ្រង់ ក៏ងាកបែរព្រះអង្គក្នុងហ្វូងមនុស្សសួរថា អ្នកណាពាល់អាវខ្ញុំ
31. ពួកសិស្សទូលថា ទ្រង់ឃើញថាហ្វូងមនុស្សប្រជ្រៀតទ្រង់ដែរ ម្តេចឡើយក៏មានព្រះបន្ទូលថា អ្នកណាពាល់ទ្រង់ដូច្នេះ
32. ទ្រង់ងាកទតទីជុំវិញ និងរកអ្នកណាដែលបានធ្វើការនោះ
33. ឯស្ត្រីនោះនាងដឹងការដែលកើតមកក្នុងខ្លួនហើយ ក៏មកទាំងភ័យញ័រ ទំលាក់ខ្លួនក្រាបចុះនៅចំពោះទ្រង់ ទូលតាមត្រង់ទាំងអស់
34. ទ្រង់មានព្រះបន្ទូលទៅនាងថា កូនស្រីអើយ សេចក្តីជំនឿនាង បានជួយសង្គ្រោះនាងហើយ ចូរទៅឲ្យបានប្រកបដោយសេចក្តីសុខចុះ ហើយឲ្យនាងបានរួចពីសេចក្តីវេទនារបស់នាងទៅ។