ម៉ាកុស 4:16-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម ក៏​ដូច​គ្នា​ដែរ កាល​ណា​គេ​ឮ​ព្រះ‌បន្ទូល នោះ​គេ​ទទួល​ភ្លាម ដោយ​អំណរ

17. តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​សោះ ហើយ​ក៏​នៅ​ជាប់​តែ​បន្តិច​ទេ បើ​កាល​ណា​កើត​មាន​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​បៀត‌បៀន ដោយ​ព្រោះ​ព្រះ‌បន្ទូល នោះ​គេ​រវាត​ចិត្ត​ចេញ​ភ្លាម

18. ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ

19. តែ​សេចក្តី​ខ្វល់‌ខ្វាយ​នៅ​ជីវិត​នេះ សេចក្តី​ឆ‌បោក​របស់​ទ្រព្យ‌សម្បត្តិ និង​សេចក្តី​ប៉ង‌ប្រាថ្នា​ខាង​ឯ​សេចក្តី​ផ្សេងៗ​ឯ​ទៀត ក៏​ចូល​មក​ខ្ទប់​ព្រះ‌បន្ទូល​ជិត រួច​ព្រះ‌បន្ទូល​មិន​អាច​នឹង​បង្កើត​ផល​បាន

20. ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ហើយ​ទទួល រួច​បង្កើត​ផល ម្នាក់​បាន​៣០ ម្នាក់​បាន​៦០ ម្នាក់​ទៀត​បាន​១​រយ។

21. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា តើ​គេ​យក​ចង្កៀង​មក ដើម្បី​នឹង​ដាក់​នៅ​ក្រោម​ថាំង ឬ​ក្រោម​គ្រែ​ឬ​អី គេ​យក​មក​ដាក់​លើ​ជើង​ចង្កៀង​វិញ​ទេ​តើ

22. ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង​ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ​ឡើយ ក៏​គ្មាន​អ្វី​ជា​សំងាត់​ដែល​មិន​ត្រូវ​ដាក់​នៅ​ពន្លឺ​ដែរ

23. បើ​អ្នក​ណា​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ

24. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា ចូរ​ប្រយ័ត្ន​ពី​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ស្តាប់​ចុះ ឯ​រង្វាល់​ណា​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ នោះ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​នោះ​វិញ ហើយ​នឹង​ឲ្យ​ជា​លើស​ទៅ​ទៀត ដល់​អ្នក​រាល់​គ្នា​ដែល​ស្តាប់​ផង

25. ដ្បិត​អ្នក​ណា​ដែល​មាន នោះ​គេ​នឹង​ឲ្យ​ដល់​អ្នក​នោះ ប៉ុន្តែ អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​ចេញ ទាំង​របស់​ដែល​អ្នក​នោះ​មាន​ផង។

26. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា នគរ​ព្រះ​ធៀប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ព្រោះ​ពូជ​នៅ​ដី

27. អ្នក​នោះ​ក៏​ដេក​រាល់​យប់​ក្រោក​ឡើង​រាល់​ថ្ងៃ តែ​មិន​ដឹង​ហេតុ​ដែល​ពូជ​ពន្លក​ដុះ​ឡើង​ជា​យ៉ាង​ណា​ទេ

28. ដ្បិត​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង មុន​ដំបូង​ចេញ​ជា​ពន្លក រួច​បែក​ជា​គួរ ក្រោយ​ទៀត​ចេញ​ជា​គ្រាប់

29. លុះ​ដល់​កាល​ណា​ផ្លែ​ទុំ​ហើយ ក៏​ស្រាប់​តែ​គេ​យក​កណ្តៀវ​ទៅ​ច្រូត​តែ​ម្តង ព្រោះ​ដល់​រដូវ​ច្រូត​ហើយ។

30. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា តើ​យើង​នឹង​ធៀប​នគរ​ព្រះ​ជា​អ្វី ឬ​ត្រូវ​យក​ពាក្យ​ប្រៀប​អ្វី​មក​ប្រដូច​នឹង​នគរ​នោះ

31. គឺ​ដូច​ជា​គ្រាប់​ពូជ​១ ដែល​កាល​ណា​គេ​ព្រោះ​នៅ​ដី ជា​ពូជ​យ៉ាង​ល្អិត​ជាង​គ្រាប់​ទាំង​អស់​នៅ​ផែនដី

32. តែ​កាល​ណា​គេ​ព្រោះ​ចុះ​ទៅ នោះ​ក៏​ដុះ​ឡើង​ត្រឡប់​ជា​ធំ លើស​ជាង​តិណ‌ជាតិ​ទាំង​អស់​វិញ ទាំង​បែក​មែក​ជា​ធំ​ផង ដល់​ម៉្លេះ​បាន​ជា​សត្វ​ហើរ​នៅ​លើ​អាកាស មក​ទំ​នៅ​ក្រោម​ម្លប់​បាន

33. ទ្រង់​អធិប្បាយ​ព្រះ‌បន្ទូល​ឲ្យ​គេ​ស្តាប់​ដោយ​ពាក្យ​ប្រៀប​ប្រដូច​យ៉ាង​ដូច្នេះ​ជា​ច្រើន តាម​ដែល​គេ​ស្តាប់​បាន

34. ទ្រង់​មិន​បាន​មាន​ព្រះ‌បន្ទូល​ទៅ​គេ ដោយ​ឥត​ពាក្យ​ប្រៀប‌ធៀប​ទេ តែ​កាល​ណា​នៅ​ដោយ‌ឡែក នោះ​ទ្រង់​ពន្យល់​ទាំង​អស់​ដល់​ពួក​សិស្ស​វិញ។

35. លុះ​ពេល​ល្ងាច​ថ្ងៃ​នោះ​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង

ម៉ាកុស 4