ម៉ាកុស 4:16-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម ក៏​ដូច​គ្នា​ដែរ កាល​ណា​គេ​ឮ​ព្រះ‌បន្ទូល នោះ​គេ​ទទួល​ភ្លាម ដោយ​អំណរ

17. តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​សោះ ហើយ​ក៏​នៅ​ជាប់​តែ​បន្តិច​ទេ បើ​កាល​ណា​កើត​មាន​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​បៀត‌បៀន ដោយ​ព្រោះ​ព្រះ‌បន្ទូល នោះ​គេ​រវាត​ចិត្ត​ចេញ​ភ្លាម

18. ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ

19. តែ​សេចក្តី​ខ្វល់‌ខ្វាយ​នៅ​ជីវិត​នេះ សេចក្តី​ឆ‌បោក​របស់​ទ្រព្យ‌សម្បត្តិ និង​សេចក្តី​ប៉ង‌ប្រាថ្នា​ខាង​ឯ​សេចក្តី​ផ្សេងៗ​ឯ​ទៀត ក៏​ចូល​មក​ខ្ទប់​ព្រះ‌បន្ទូល​ជិត រួច​ព្រះ‌បន្ទូល​មិន​អាច​នឹង​បង្កើត​ផល​បាន

20. ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ហើយ​ទទួល រួច​បង្កើត​ផល ម្នាក់​បាន​៣០ ម្នាក់​បាន​៦០ ម្នាក់​ទៀត​បាន​១​រយ។

21. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា តើ​គេ​យក​ចង្កៀង​មក ដើម្បី​នឹង​ដាក់​នៅ​ក្រោម​ថាំង ឬ​ក្រោម​គ្រែ​ឬ​អី គេ​យក​មក​ដាក់​លើ​ជើង​ចង្កៀង​វិញ​ទេ​តើ

22. ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង​ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ​ឡើយ ក៏​គ្មាន​អ្វី​ជា​សំងាត់​ដែល​មិន​ត្រូវ​ដាក់​នៅ​ពន្លឺ​ដែរ

23. បើ​អ្នក​ណា​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ

24. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា ចូរ​ប្រយ័ត្ន​ពី​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ស្តាប់​ចុះ ឯ​រង្វាល់​ណា​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ នោះ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​នោះ​វិញ ហើយ​នឹង​ឲ្យ​ជា​លើស​ទៅ​ទៀត ដល់​អ្នក​រាល់​គ្នា​ដែល​ស្តាប់​ផង

25. ដ្បិត​អ្នក​ណា​ដែល​មាន នោះ​គេ​នឹង​ឲ្យ​ដល់​អ្នក​នោះ ប៉ុន្តែ អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​ចេញ ទាំង​របស់​ដែល​អ្នក​នោះ​មាន​ផង។

26. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា នគរ​ព្រះ​ធៀប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ព្រោះ​ពូជ​នៅ​ដី

27. អ្នក​នោះ​ក៏​ដេក​រាល់​យប់​ក្រោក​ឡើង​រាល់​ថ្ងៃ តែ​មិន​ដឹង​ហេតុ​ដែល​ពូជ​ពន្លក​ដុះ​ឡើង​ជា​យ៉ាង​ណា​ទេ

28. ដ្បិត​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង មុន​ដំបូង​ចេញ​ជា​ពន្លក រួច​បែក​ជា​គួរ ក្រោយ​ទៀត​ចេញ​ជា​គ្រាប់

ម៉ាកុស 4