ម៉ាកុស 4:14-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ឯ​អ្នក​ព្រោះ​ពូជ គឺ​ព្រោះ​ព្រះ‌បន្ទូល

15. ឯ​ពួក​អ្នក​តាម​ផ្លូវ គឺ​ជា​កន្លែង​ដែល​បាន​ព្រោះ​ព្រះ‌បន្ទូល​ចុះ កាល​គេ​ឮ នោះ​អារក្ស‌សាតាំង​ក៏​មក​លួច​ឆក់​យក​ព្រះ‌បន្ទូល ដែល​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភ្លាម

16. ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម ក៏​ដូច​គ្នា​ដែរ កាល​ណា​គេ​ឮ​ព្រះ‌បន្ទូល នោះ​គេ​ទទួល​ភ្លាម ដោយ​អំណរ

17. តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​សោះ ហើយ​ក៏​នៅ​ជាប់​តែ​បន្តិច​ទេ បើ​កាល​ណា​កើត​មាន​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​បៀត‌បៀន ដោយ​ព្រោះ​ព្រះ‌បន្ទូល នោះ​គេ​រវាត​ចិត្ត​ចេញ​ភ្លាម

18. ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ

19. តែ​សេចក្តី​ខ្វល់‌ខ្វាយ​នៅ​ជីវិត​នេះ សេចក្តី​ឆ‌បោក​របស់​ទ្រព្យ‌សម្បត្តិ និង​សេចក្តី​ប៉ង‌ប្រាថ្នា​ខាង​ឯ​សេចក្តី​ផ្សេងៗ​ឯ​ទៀត ក៏​ចូល​មក​ខ្ទប់​ព្រះ‌បន្ទូល​ជិត រួច​ព្រះ‌បន្ទូល​មិន​អាច​នឹង​បង្កើត​ផល​បាន

20. ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ហើយ​ទទួល រួច​បង្កើត​ផល ម្នាក់​បាន​៣០ ម្នាក់​បាន​៦០ ម្នាក់​ទៀត​បាន​១​រយ។

21. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា តើ​គេ​យក​ចង្កៀង​មក ដើម្បី​នឹង​ដាក់​នៅ​ក្រោម​ថាំង ឬ​ក្រោម​គ្រែ​ឬ​អី គេ​យក​មក​ដាក់​លើ​ជើង​ចង្កៀង​វិញ​ទេ​តើ

22. ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង​ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ​ឡើយ ក៏​គ្មាន​អ្វី​ជា​សំងាត់​ដែល​មិន​ត្រូវ​ដាក់​នៅ​ពន្លឺ​ដែរ

23. បើ​អ្នក​ណា​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ

ម៉ាកុស 4