8. ពីក្រុងយេរូសាឡិម និងស្រុកអេដំម ហើយពីខាងនាយទន្លេយ័រដាន់ និងស្រុកនៅជុំវិញក្រុងទីរ៉ុស និងស៊ីដូន គឺជាហ្វូងមនុស្សយ៉ាងធំ ដែលមូលមកឯទ្រង់ ដោយបានឮនិយាយពីការទ្រង់ធ្វើទាំងប៉ុន្មាន
9. ទ្រង់មានព្រះបន្ទូលប្រាប់ពួកសិស្ស ឲ្យមានទូកនៅរង់ចាំ ក្រែងហ្វូងមនុស្សប្រជ្រៀតទ្រង់
10. ដ្បិតទ្រង់កំពុងប្រោសមនុស្សជាច្រើនឲ្យបានជា ដល់ម៉្លេះបានជាមនុស្សទាំងអស់ដែលមានជំងឺអ្វីៗ គេប្រឹងរុលចូលទៅ ដើម្បីនឹងពាល់ទ្រង់
11. កាលណាពួកអារក្សអសោចឃើញទ្រង់ វាក៏ក្រាបចំពោះទ្រង់ ទាំងស្រែកថា ទ្រង់ជាព្រះរាជបុត្រានៃព្រះមែន
12. ប៉ុន្តែ ទ្រង់ហាមផ្តាច់ មិនឲ្យវាធ្វើឲ្យគេស្គាល់ទ្រង់ឡើយ។
13. ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចមានព្រះបន្ទូលហៅអស់អ្នក ដែលទ្រង់សព្វព្រះហឫទ័យចង់ហៅ ហើយអ្នកទាំងនោះក៏ចូលមកឯទ្រង់
14. រួចទ្រង់ដំរូវ១២នាក់ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីទ្រង់បានចាត់គេ ឲ្យចេញទៅប្រកាសប្រដៅ
15. និងឲ្យគេមានអំណាចអាចនឹងប្រោសជំងឺឲ្យជា ព្រមទាំងដេញអារក្សផង
16. គឺស៊ីម៉ូន១ដែលទ្រង់ប្រទានឲ្យមានឈ្មោះថា ពេត្រុស ថែមទៀត
17. ហើយយ៉ាកុប ជាកូនសេបេដេ១ និងយ៉ូហាន ជាប្អូនយ៉ាកុប១ ដែលទ្រង់ប្រទានឈ្មោះ បោនអ៊ើកេ ដល់អ្នកទាំង២នោះ គឺស្រាយថាជាកូនផ្គរលាន់
18. និងអនទ្រេ១ ភីលីព១ បារថូល៉ូមេ១ ម៉ាថាយ១ ថូម៉ាស១ និងយ៉ាកុប ជាកូនអាល់ផាយ១ ថាដេ១ ស៊ីម៉ូន ជាសាសន៍កាណាន១
19. ហើយយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលបញ្ជូនទ្រង់១។
20. នោះក៏នាំគ្នាចូលទៅក្នុងផ្ទះ ហើយមានមនុស្សប្រជុំគ្នាទាំងហ្វូងម្តងទៀត ដល់ម៉្លេះបានជាទ្រង់ ព្រមទាំងពួកសិស្សពុំអាចនឹងបរិភោគបានឡើយ