ម៉ាកុស 3:11-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. កាល​ណា​ពួក​អារក្ស‌អសោច​ឃើញ​ទ្រង់ វា​ក៏​ក្រាប​ចំពោះ​ទ្រង់ ទាំង​ស្រែក​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន

12. ប៉ុន្តែ ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​វា​ធ្វើ​ឲ្យ​គេ​ស្គាល់​ទ្រង់​ឡើយ។

13. ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​មាន​ព្រះ‌បន្ទូល​ហៅ​អស់​អ្នក ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​ហៅ ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​ឯ​ទ្រង់

14. រួច​ទ្រង់​ដំរូវ​១២​នាក់​ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ទ្រង់ ដើម្បី​ទ្រង់​បាន​ចាត់​គេ ឲ្យ​ចេញ​ទៅ​ប្រកាស​ប្រដៅ

15. និង​ឲ្យ​គេ​មាន​អំណាច​អាច​នឹង​ប្រោស​ជំងឺ​ឲ្យ​ជា ព្រម​ទាំង​ដេញ​អារក្ស​ផង

16. គឺ​ស៊ីម៉ូន​១​ដែល​ទ្រង់​ប្រទាន​ឲ្យ​មាន​ឈ្មោះ​ថា ពេត្រុស ថែម​ទៀត

17. ហើយ​យ៉ាកុប ជា​កូន​សេបេដេ​១ និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​១ ដែល​ទ្រង់​ប្រទាន​ឈ្មោះ បោន‌អ៊ើកេ ដល់​អ្នក​ទាំង​២​នោះ គឺ​ស្រាយ​ថា​ជា​កូន​ផ្គរ‌លាន់

18. និង​អនទ្រេ​១ ភីលីព​១ បារថូ‌ល៉ូមេ​១ ម៉ាថាយ​១ ថូម៉ាស​១ និង​យ៉ាកុប ជា​កូន​អាល់‌ផាយ​១ ថាដេ​១ ស៊ីម៉ូន ជា​សាសន៍​កាណាន​១

19. ហើយ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​បញ្ជូន​ទ្រង់​១។

20. នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​មាន​មនុស្ស​ប្រជុំ​គ្នា​ទាំង​ហ្វូង​ម្តង​ទៀត ដល់​ម៉្លេះ​បាន​ជា​ទ្រង់ ព្រម​ទាំង​ពួក​សិស្ស​ពុំ​អាច​នឹង​បរិភោគ​បាន​ឡើយ

21. កាល​ពួក​បង​ប្អូន​ទ្រង់​បាន​ឮ គេ​ក៏​ចេញ​ទៅ​រក​ចាប់​ទ្រង់ ដ្បិត​គេ​ស្មាន​ថា​ទ្រង់​វង្វេង​ស្មារតី​ហើយ។

22. ឯ​ពួក​អាចារ្យ ដែល​ចុះ​មក​ពី​ក្រុង​យេរូ‌សាឡិម គេ​និយាយ​ឡើង​ថា អ្នក​នោះ​មាន​អារក្ស​បេល‌សេ‌ប៊ូល​ចូល វា​ដេញ​អារក្ស ដោយ​អាង​មេ​អារក្ស​ទេ

23. តែ​ទ្រង់​ហៅ​គេ​មក​មាន​ព្រះ‌បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អារក្ស‌សាតាំង​បាន​ដេញ​អារក្ស‌សាតាំង​ដូច្នេះ

24. បើ​នគរ​ណា​បែក​ទាស់‌ទែង​គ្នា​ឯង​ហើយ នគរ​នោះ​ពុំ​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ឡើយ

25. ឬ​បើ​ផ្ទះ​ណា​បែក​ទាស់‌ទែង​គ្នា​ឯង ផ្ទះ​នោះ​ក៏​មិន​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ដែរ

ម៉ាកុស 3