1. ទ្រង់ក៏យាងចូលទៅក្នុងសាលាប្រជុំម្តងទៀត នៅទីនោះ មានមនុស្សម្នាក់ស្វិតដៃម្ខាង
2. គេក៏ចាំមើលទ្រង់ក្រែងនឹងប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាក ដើម្បីឲ្យបានរឿងចោទប្រកាន់ទ្រង់
3. ទ្រង់មានព្រះបន្ទូលនៅមនុស្សស្វិតដៃថា ចូរអ្នកក្រោកឡើង ឈរនៅកណ្តាលនុ៎ះទៅ
4. រួចទ្រង់សួរគេថា នៅថ្ងៃឈប់សំរាក តើបើកឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់ ឲ្យសង្គ្រោះជីវិត ឬឲ្យសំឡាប់បង់ ប៉ុន្តែ គេនៅតែស្ងៀម
5. នោះទ្រង់ងាកទតទៅគេទាំងគ្នាន់ក្នាញ់ដោយមានព្រះហឫទ័យព្រួយ ព្រោះចិត្តគេរឹងរូស ក៏មានព្រះបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង
6. រួចកាលពួកផារីស៊ីបានចេញផុតទៅ នោះស្រាប់តែគេពិគ្រោះនឹងពួកហេរ៉ូឌទាស់នឹងទ្រង់ ដើម្បីរករឿងធ្វើឲ្យទ្រង់វិនាស។
7. នោះព្រះយេស៊ូវ ទ្រង់ថយទៅឯសមុទ្រ ជាមួយនឹងពួកសិស្ស ហើយមានហ្វូងមនុស្សកកកុញ ដើរតាមទ្រង់ ជាមនុស្សពីស្រុកកាលីឡេ និងស្រុកយូដា
8. ពីក្រុងយេរូសាឡិម និងស្រុកអេដំម ហើយពីខាងនាយទន្លេយ័រដាន់ និងស្រុកនៅជុំវិញក្រុងទីរ៉ុស និងស៊ីដូន គឺជាហ្វូងមនុស្សយ៉ាងធំ ដែលមូលមកឯទ្រង់ ដោយបានឮនិយាយពីការទ្រង់ធ្វើទាំងប៉ុន្មាន
9. ទ្រង់មានព្រះបន្ទូលប្រាប់ពួកសិស្ស ឲ្យមានទូកនៅរង់ចាំ ក្រែងហ្វូងមនុស្សប្រជ្រៀតទ្រង់
10. ដ្បិតទ្រង់កំពុងប្រោសមនុស្សជាច្រើនឲ្យបានជា ដល់ម៉្លេះបានជាមនុស្សទាំងអស់ដែលមានជំងឺអ្វីៗ គេប្រឹងរុលចូលទៅ ដើម្បីនឹងពាល់ទ្រង់
11. កាលណាពួកអារក្សអសោចឃើញទ្រង់ វាក៏ក្រាបចំពោះទ្រង់ ទាំងស្រែកថា ទ្រង់ជាព្រះរាជបុត្រានៃព្រះមែន
12. ប៉ុន្តែ ទ្រង់ហាមផ្តាច់ មិនឲ្យវាធ្វើឲ្យគេស្គាល់ទ្រង់ឡើយ។
13. ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចមានព្រះបន្ទូលហៅអស់អ្នក ដែលទ្រង់សព្វព្រះហឫទ័យចង់ហៅ ហើយអ្នកទាំងនោះក៏ចូលមកឯទ្រង់