4. តែកាលបានងើបមើលទៅ នោះឃើញថ្មបានប្រមៀលចេញហើយ (ថ្មនោះធំណាស់)
5. លុះកាលបានចូលទៅក្នុងផ្នូរ ក៏ឃើញកំឡោះម្នាក់ ពាក់អាវសអង្គុយនៅខាងស្តាំ ហើយស្ត្រីទាំងនោះមានសេចក្តីភាំងស្លុត
6. តែអ្នកនោះនិយាយថា កុំឲ្យភ័យឡើយ អ្នករាល់គ្នាមករកព្រះយេស៊ូវ ពីណាសារ៉ែត ដែលត្រូវឆ្កាង ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ទ្រង់មិនគង់នៅទីនេះទេ មើល នេះជាកន្លែងដែលគេបានផ្តេកព្រះសពទ្រង់
7. ចូរអ្នករាល់គ្នាទៅប្រាប់ពួកសិស្សទ្រង់ ព្រមទាំងពេត្រុសផងថា ទ្រង់យាងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ អ្នករាល់គ្នានឹងឃើញទ្រង់នៅស្រុកនោះ ដូចជាទ្រង់បានប្រាប់ទុក
8. នោះគេប្រញាប់ប្រញាល់ចេញទៅក្រៅ រត់ចោលផ្នូរទៅ ដោយកើតមានសេចក្តីភ័យញ័រ ទាំងស្រឡាំងកាំង គេមិនបាននិយាយអ្វីប្រាប់ដល់អ្នកណាឡើយ ព្រោះគេខ្លាច។
9. រីឯកាលទ្រង់មានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមថ្ងៃទី១ ក្នុងអាទិត្យនោះឯង នោះទ្រង់ក៏លេចមកមុនដំបូង ឲ្យម៉ារា ជាអ្នកស្រុកម៉ាក់ដាឡាឃើញ គឺជាស្ត្រីដែលទ្រង់បានបណ្តេញអារក្ស៧ឲ្យចេញនោះ
10. នាងក៏ទៅប្រាប់ដល់ពួកអ្នកដែលបាននៅជាមួយនឹងទ្រង់ដែរ ដែលគេកំពុងតែកាន់ទុក្ខ ហើយយំសោក
11. តែកាលគេបានឮថាទ្រង់រស់ ហើយថានាងបានឃើញទ្រង់ នោះគេមិនជឿទេ
12. ក្រោយនោះមក ទ្រង់សំដែងមកបែប១ទៀត ឲ្យពួកគេ២នាក់ឃើញ ក្នុងកាលដែលគេកំពុងតែដើរទៅឯស្រុកស្រែ
13. អ្នកទាំង២នោះក៏ទៅប្រាប់ដល់ពួកគេឯទៀត តែគេនៅតែមិនជឿទៀត
14. ក្រោយនោះមក ទ្រង់សំដែងមកឲ្យពួក១១នាក់បានឃើញ ក្នុងកាលដែលកំពុងអង្គុយនៅតុ ហើយទ្រង់បន្ទោសគេ ដោយព្រោះមានចិត្តរឹងរូស ហើយមិនជឿ ពីព្រោះគេមិនបានជឿដល់ពួកអ្នកដែលឃើញទ្រង់ ក្រោយដែលទ្រង់រស់ឡើងវិញនោះទេ
15. ទ្រង់ផ្តាំគេថា ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ
16. អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ
17. ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនឹងចេះនិយាយភាសាថ្មី
18. និងចាប់កាន់ពស់បាន ឬបើគេផឹកអ្វីពុល នោះមិនធ្វើឲ្យអន្តរាយទេ ហើយគេនឹងដាក់ដៃលើមនុស្សជំងឺឲ្យបានជាផង។