ម៉ាកុស 15:32-45 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. ចូរ​ឲ្យ​ព្រះ‌គ្រីស្ទ ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល ចុះ​ពី​ឈើ​ឆ្កាង​មក​ឥឡូវ​ចុះ ឲ្យ​យើង​បាន​ឃើញ ហើយ​ជឿ​ផង ឯ​២​នាក់​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ដៀល​ត្មះ​ទ្រង់​ដែរ។

33. ដល់​ម៉ោង​១២ នោះ​មាន​ងងឹត​ដាប​គ្រប​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល

34. លុះ​វេលា​ម៉ោង​៣ នោះ​ព្រះ‌យេស៊ូវ ទ្រង់​បន្លឺ‌ឧទាន​ជា​ខ្លាំង​ថា អេឡយៗ ល៉ាម៉ាសា‌បាច់ថានី គឺ​ស្រាយ​ថា ព្រះ‌អង្គ​នៃ​ទូល‌បង្គំ​អើយ ឱ​ព្រះ‌អង្គ​នៃ​ទូល‌បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូល‌បង្គំ

35. អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ក៏​ឮ ហើយ​គេ​និយាយ​ថា មើល​វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ

36. រួច​ម្នាក់​រត់​ទៅ​យក​សារាយ‌រំហួត​ជ្រលក់​ទឹក‌ខ្មេះ​ជោក ដាក់​នឹង​ចុង​ដើម​ត្រែង​ហុច​ទៅ ថ្វាយ​ទ្រង់​សោយ ដោយ​ពោល​ថា ឈប់​សិន ចាំ​មើល បើ​លោក​អេលីយ៉ា​មក​បញ្ចុះ​វា​ឬ​ទេ។

37. រួច​ព្រះ‌យេស៊ូវ ទ្រង់​ស្រែក​ជា​ខ្លាំង ហើយ​ក៏​ផុត​ដង្ហើម​ទៅ

38. គ្រា​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ដល់​ក្រោម

39. ឯ​មេ​ទ័ព​ដែល​ឈរ​ទល់​មុខ​នឹង​ទ្រង់ គាត់​ឃើញ​ថា ទ្រង់​ស្រែក​ឡើង ហើយ​ផុត​ដង្ហើម​ទៅ​យ៉ាង​ដូច្នោះ ក៏​និយាយ​ថា មនុស្ស​នេះ​ប្រាកដ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន

40. ក៏​មាន​ស្ត្រី​ខ្លះ​ដែល​បាន​តាម​បំរើ​ព្រះ‌យេស៊ូវ ក្នុង​គ្រា​ដែល​ទ្រង់​គង់​នៅ​ស្រុក​កាលី‌ឡេ​នៅ​ឡើយ គេ​ឈរ​មើល​ពី​ចំងាយ

41. ក្នុង​ពួក​ស្ត្រី​ទាំង​នោះ គឺ​ម៉ារា​ពី​ស្រុក​ម៉ាក់‌ដាឡា​១ និង​ម៉ារា ជា​ម្តាយ​យ៉ាកុប​តូច និង​យ៉ូសេ​១ ហើយ​នឹង​សាឡូ‌មេ​១ ក៏​មាន​ស្ត្រី​ឯ​ទៀត​ជា​ច្រើន ដែល​បាន​ឡើង​មក​ឯ​ក្រុង​យេរូ‌សាឡិម​ជា​មួយ​នឹង​ទ្រង់​ដែរ។

42. មាន​ម្នាក់​ឈ្មោះ​យ៉ូសែប​នៅ​ស្រុក​អើរី‌ម៉ាថេ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​ក្រុម‌ជំនុំ ជា​អ្នក​រង​ចាំ​នគរ​ព្រះ​ដែរ អ្នក​នោះ​បាន​មក​ដល់ ក៏​ចូល​ទៅ​ឯ​លោក​ពីឡាត់ ដោយ​ចិត្ត​ក្លាហាន សូម​ព្រះ‌សព​ព្រះ‌យេស៊ូវ

43. ដោយ​ព្រោះ​ជា​ថ្ងៃ​រៀប‌ចំ​ហើយ គឺ​ជា​ថ្ងៃ​មុន​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ល្ងាច​ណាស់​ផង

44. ឯ​លោក​ពីឡាត់ មាន​សេចក្តី​ឆ្ងល់​ពី​ទ្រង់​ដែល​សុគត​ជា​ឆាប់​ម៉្លេះ ក៏​ហៅ​មេ​ទ័ព​មក​សួរ​បញ្ជាក់ បើ​ទ្រង់​សុគត​ជា​យូរ​មក​ហើយ ឬ​ដូច​ម្តេច

45. កាល​មេ​ទ័ព​បាន​ជំរាប​ឲ្យ​លោក​ជ្រាប​ហើយ នោះ​លោក​ក៏​អនុញ្ញាត​ឲ្យ​ព្រះ‌សព​ដល់​យ៉ូសែប

ម៉ាកុស 15