31. ពួកសង្គ្រាជ និងពួកអាចារ្យ ក៏ចំអកឲ្យទ្រង់បែបដូចគ្នា ទាំងនិយាយគ្នាទៅវិញទៅមកថា វាជួយសង្គ្រោះដល់មនុស្សឯទៀតបាន តែពុំអាចនឹងសង្គ្រោះចំពោះខ្លួនឯងបានទេ
32. ចូរឲ្យព្រះគ្រីស្ទ ជាស្តេចនៃសាសន៍អ៊ីស្រាអែល ចុះពីឈើឆ្កាងមកឥឡូវចុះ ឲ្យយើងបានឃើញ ហើយជឿផង ឯ២នាក់ដែលជាប់ឆ្កាងជាមួយនឹងទ្រង់ គេក៏ដៀលត្មះទ្រង់ដែរ។
33. ដល់ម៉ោង១២ នោះមានងងឹតដាបគ្របលើផែនដី ដរាបដល់ម៉ោង៣រសៀល
34. លុះវេលាម៉ោង៣ នោះព្រះយេស៊ូវ ទ្រង់បន្លឺឧទានជាខ្លាំងថា អេឡយៗ ល៉ាម៉ាសាបាច់ថានី គឺស្រាយថា ព្រះអង្គនៃទូលបង្គំអើយ ឱព្រះអង្គនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ
35. អ្នកខ្លះដែលឈរនៅទីនោះក៏ឮ ហើយគេនិយាយថា មើលវាស្រែកហៅរកលោកអេលីយ៉ាហើយ
36. រួចម្នាក់រត់ទៅយកសារាយរំហួតជ្រលក់ទឹកខ្មេះជោក ដាក់នឹងចុងដើមត្រែងហុចទៅ ថ្វាយទ្រង់សោយ ដោយពោលថា ឈប់សិន ចាំមើល បើលោកអេលីយ៉ាមកបញ្ចុះវាឬទេ។
37. រួចព្រះយេស៊ូវ ទ្រង់ស្រែកជាខ្លាំង ហើយក៏ផុតដង្ហើមទៅ
38. គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះដល់ក្រោម
39. ឯមេទ័ពដែលឈរទល់មុខនឹងទ្រង់ គាត់ឃើញថា ទ្រង់ស្រែកឡើង ហើយផុតដង្ហើមទៅយ៉ាងដូច្នោះ ក៏និយាយថា មនុស្សនេះប្រាកដជាព្រះរាជបុត្រានៃព្រះមែន
40. ក៏មានស្ត្រីខ្លះដែលបានតាមបំរើព្រះយេស៊ូវ ក្នុងគ្រាដែលទ្រង់គង់នៅស្រុកកាលីឡេនៅឡើយ គេឈរមើលពីចំងាយ
41. ក្នុងពួកស្ត្រីទាំងនោះ គឺម៉ារាពីស្រុកម៉ាក់ដាឡា១ និងម៉ារា ជាម្តាយយ៉ាកុបតូច និងយ៉ូសេ១ ហើយនឹងសាឡូមេ១ ក៏មានស្ត្រីឯទៀតជាច្រើន ដែលបានឡើងមកឯក្រុងយេរូសាឡិមជាមួយនឹងទ្រង់ដែរ។
42. មានម្នាក់ឈ្មោះយ៉ូសែបនៅស្រុកអើរីម៉ាថេ ដែលមានកេរ្តិ៍ឈ្មោះក្នុងពួកក្រុមជំនុំ ជាអ្នករងចាំនគរព្រះដែរ អ្នកនោះបានមកដល់ ក៏ចូលទៅឯលោកពីឡាត់ ដោយចិត្តក្លាហាន សូមព្រះសពព្រះយេស៊ូវ
43. ដោយព្រោះជាថ្ងៃរៀបចំហើយ គឺជាថ្ងៃមុនថ្ងៃឈប់សំរាក ហើយក៏ល្ងាចណាស់ផង
44. ឯលោកពីឡាត់ មានសេចក្តីឆ្ងល់ពីទ្រង់ដែលសុគតជាឆាប់ម៉្លេះ ក៏ហៅមេទ័ពមកសួរបញ្ជាក់ បើទ្រង់សុគតជាយូរមកហើយ ឬដូចម្តេច
45. កាលមេទ័ពបានជំរាបឲ្យលោកជ្រាបហើយ នោះលោកក៏អនុញ្ញាតឲ្យព្រះសពដល់យ៉ូសែប