13. គេស្រែកឡើងទៀតថា ចូរឆ្កាងវាទៅ
14. លោកពីឡាត់សួរគេថា ដូច្នេះ តើគាត់បានធ្វើខុសអ្វី នោះគេស្រែកកាន់តែខ្លាំងឡើងថា ចូរឆ្កាងវាទៅ
15. ឯពីឡាត់ លោកចង់ធ្វើបំពេញដល់ចិត្តហ្វូងមនុស្សដែរ បានជាលែងបារ៉ាបាសដល់គេ រួចកាលបានវាយព្រះយេស៊ូវដោយរំពាត់ហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាង។
16. ចំណែកពួកទាហាន ក៏នាំទ្រង់ទៅឯទីធ្លា ជាទីកាត់ក្តី រួចគេហៅពួកកងទាហានទាំងអស់ ឲ្យមូលគ្នាមក
17. ក៏យកអាវពណ៌ស្វាយបំពាក់ទ្រង់ ហើយក្រងភួងបន្លាបំពាក់លើព្រះសិរ
18. រួចចាប់តាំងសំពះទូលទ្រង់ថា ថ្វាយបង្គំស្តេចសាសន៍យូដា
19. គេក៏យកដើមត្រែងវាយព្រះសិរ ស្តោះដាក់ទ្រង់ ហើយលុតជង្គង់ថ្វាយបង្គំទ្រង់ផង
20. កាលបានចំអកមើលងាយទ្រង់ស្រេចហើយ នោះគេដោះអាវពណ៌ស្វាយចេញ ក៏បំពាក់ព្រះពស្ត្រទ្រង់វិញ រួចនាំចេញទៅឆ្កាង
21. គេចាប់អ្នកស្រុកគីរេនម្នាក់ ឈ្មោះស៊ីម៉ូន ជាឪពុកអ័លេក្សានត្រុស និងរូភូស ដែលដើរតាមផ្លូវចុះមកពីចំការ បង្ខំឲ្យគាត់លីឈើឆ្កាងទ្រង់។
22. គេនាំទ្រង់ទៅដល់កន្លែងហៅថា «គាល់កូថា» ដែលស្រាយថាភ្នំលលាដក្បាល
23. នោះគេយកស្រាទំពាំងបាយជូរ លាយនឹងជ័រល្វីងទេស ថ្វាយទ្រង់សោយ តែទ្រង់មិនសោយទេ
24. កាលបានឆ្កាងទ្រង់រួចហើយ នោះគេក៏យកព្រះពស្ត្រទ្រង់ចាប់ឆ្នោតចែកគ្នា ដើម្បីឲ្យដឹងជាអ្នកណាត្រូវបានអ្វី