1. ដល់ព្រឹកឡើង កាលពួកសង្គ្រាជ ពួកចាស់ទុំ និងពួកអាចារ្យ ព្រមទាំងក្រុមជំនុំទាំងអស់បានប្រជុំពិគ្រោះគ្នា នោះក៏ចងព្រះយេស៊ូវ នាំបញ្ជូនទៅឯលោកពីឡាត់
2. លោកពីឡាត់ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចរបស់សាសន៍យូដាឬអី ទ្រង់មានព្រះបន្ទូលឆ្លើយថា ត្រូវដូចលោកមានប្រសាសន៍ហើយ
3. ឯពួកសង្គ្រាជ គេចោទប្រកាន់ទ្រង់ខ្លាំងណាស់
4. នោះលោកពីឡាត់ក៏ពិចារណាសួរទ្រង់ម្តងទៀត ដោយពាក្យថា តើអ្នកមិនព្រមឆ្លើយសោះទេឬអី មើលរឿងជាច្រើនទាំងម៉្លេះ ដែលគេធ្វើបន្ទាល់ទាស់នឹងអ្នក
5. តែព្រះយេស៊ូវទ្រង់ឥតមានឆ្លើយអ្វីទៀតសោះ បានជាលោកពីឡាត់ក៏អស្ចារ្យក្នុងចិត្ត។
6. រីឯនៅបុណ្យនោះ លោកតែងធ្លាប់លែងអ្នកទោសម្នាក់ឲ្យដល់គេ តាមដែលគេសូម
7. គ្រានោះ មានម្នាក់ឈ្មោះបារ៉ាបាស ជាប់គុកជាមួយនឹងពួកអ្នកបះបោរ ជាអ្នកដែលបានសំឡាប់គេក្នុងវេលាបះនោះ
8. ហ្វូងមនុស្សក៏ចាប់តាំងស្រែកឡើង សូមលោកបើកឲ្យដល់គេ ដូចជាលោកតែងធ្លាប់ធ្វើមក
9. លោកពីឡាត់សួរគេថា តើចង់ឲ្យខ្ញុំលែងស្តេចសាសន៍យូដា ឲ្យដល់អ្នករាល់គ្នាឬអី
10. នេះដ្បិតលោកជ្រាបថា ពួកសង្គ្រាជបានបញ្ជូនទ្រង់ ដោយឈ្នានីសទេ
11. តែពួកសង្គ្រាជបានញុះញង់ហ្វូងមនុស្ស ឲ្យសូមឲ្យលោកលែងបារ៉ាបាសវិញ
12. លោកពីឡាត់ក៏សួរគេម្តងទៀតថា ដូច្នេះ តើចង់ឲ្យខ្ញុំធ្វើអ្វីនឹងអ្នកដែលអ្នករាល់គ្នាហៅថា ស្តេចសាសន៍យូដានេះ
13. គេស្រែកឡើងទៀតថា ចូរឆ្កាងវាទៅ
14. លោកពីឡាត់សួរគេថា ដូច្នេះ តើគាត់បានធ្វើខុសអ្វី នោះគេស្រែកកាន់តែខ្លាំងឡើងថា ចូរឆ្កាងវាទៅ