ម៉ាកុស 13:15-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ ចុះ​មក​ក្នុង​ផ្ទះ ឬ​ចូល​ទៅ​យក​អ្វី​ចេញ​ពី​ផ្ទះ

16. ក៏​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំការ​ត្រឡប់​មក​វិញ និង​យក​សំលៀក‌បំពាក់​ខ្លួន​ឡើយ

17. នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់

18. ត្រូវ​ឲ្យ​អធិស្ឋាន​សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា​ឡើយ

19. ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្តី​វេទនា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​កំណើត​លោកីយ៍ ដែល​ព្រះ​ទ្រង់​បាន​បង្កើត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ទេ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ផង

20. បើ​ព្រះ‌អម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ទេ ប៉ុន្តែ ទ្រង់​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ ដោយ​ព្រោះ​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស​តាំង

21. នៅ​គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល​ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​ថា មើល​ទ្រង់​គង់​នៅ​ទី​នុ៎ះ នោះ​កុំ​ឲ្យ​ជឿ​ឡើយ

22. ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់ ព្រម​ទាំង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន

23. ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន‌ទែន មើល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​គ្រប់​ទាំង​អស់​ជា​មុន​ហើយ។

24. ប៉ុន្តែ នៅ​គ្រា​ក្រោយ​សេចក្តី​វេទនា​នោះ ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ

25. អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃ

26. នោះ​គេ​នឹង​ឃើញ​កូន​មនុស្ស​មក​ក្នុង​ពពក មាន​ទាំង​ព្រះ‌ចេស្តា​ជា​ខ្លាំង និង​សិរី‌ល្អ​ផង

27. ហើយ​លោក​នឹង​ចាត់​ពួក​ទេវតា ឲ្យ​ទៅ​ប្រមូល​ពួក​ដែល​បាន​រើស​តាំង មក​ពី​ទិស​ទាំង​៤ តាំង​ពី​ទី​បំផុត​នៃ​ផែនដី​ម្ខាង រហូត​ដល់​ទី​បំផុត​នៃ​ផ្ទៃ​មេឃ។

28. ប៉ុន្តែ ត្រូវ​រៀន​សេចក្តី​ប្រៀប​ប្រដូច ពី​ដើម​ល្វា​ចុះ គឺ​កាល​ណា​មែក​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​ក៏​ប៉ិច​ឡើង នោះ​អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​ដល់​ហើយ

29. ក៏​បែប​ដូច្នោះ​ដែរ កាល​ណា​ឃើញ​ការ​ទាំង​នោះ​កើត​មក នោះ​ត្រូវ​ដឹង​ថា កូន​មនុស្ស​ជិត​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង

30. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​ពុំ​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់​តែ​គ្រប់​ការ​ទាំង​នោះ​បាន​កើត​មក

31. ផ្ទៃ​មេឃ ហើយ​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ នឹង​មិន​ដែល​កន្លង​បាត់​ឡើយ

32. ឯ​ត្រង់​ថ្ងៃ និង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​បាន​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​ស្ថាន‌សួគ៌ ឬ​ព្រះ‌រាជ‌បុត្រា​ក៏​មិន​ជ្រាប​ដែរ ជ្រាប​តែ​ព្រះ‌វរ‌បិតា​ប៉ុណ្ណោះ

ម៉ាកុស 13