ម៉ាកុស 12:29-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ឯ​បញ្ញត្ត​ដែល​សំខាន់​ជាង​គេ នោះ​គឺ​ថា «ចូរ​ស្តាប់​ចុះ អ៊ីស្រា‌អែល​អើយ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ជា​ព្រះ‌អម្ចាស់​តែ​១​ព្រះ‌អង្គ​ទ្រង់

30. ហើយ​ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» នោះ​ហើយ​ជា​បញ្ញត្ត​ទី​១

31. ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» គ្មាន​បញ្ញត្ត​ណា​ទៀត​ធំ​ជាង​បទ​ទាំង​២​នេះ​ទេ

32. អាចារ្យ​នោះ​ក៏​ទូល​ទ្រង់​ថា មែន​ហើយ លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ថា មាន​ព្រះ​តែ​១ ហើយ​ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​សោះ

33. ហើយ​ដែល​ស្រឡាញ់​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​ប្រាជ្ញា អស់​ពី​ព្រលឹង និង​អស់​ពី​កំឡាំង ហើយ​ដែល​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង នោះ​វិសេស​លើស​ជាង​អស់​ទាំង​ដង្វាយ​ដុត និង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត

34. កាល​ព្រះ‌យេស៊ូវ​បាន​ឃើញ​ថា គាត់​ឆ្លើយ​ដោយ​ប្រាជ្ញា នោះ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា អ្នក​មិន​ឆ្ងាយ​ពី​នគរ​ព្រះ​ទេ រួច​គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។

35. កំពុង​ដែល​ព្រះ‌យេស៊ូវ​បង្រៀន​ក្នុង​ព្រះ‌វិហារ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ថា ព្រះ‌គ្រីស្ទ​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ

36. ដ្បិត​ហ្លួង​ដាវីឌ​មាន​ព្រះ‌បន្ទូល​ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា «ព្រះ‌អម្ចាស់ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ព្រះ‌អម្ចាស់​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង»

37. ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ នោះ​ធ្វើ​ដូច‌មេ្ដច​ឲ្យ​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​ព្រះ‌វង្ស​ទ្រង់​បាន ឯ​ហ្វូង​មនុស្ស​ដ៏​ធំ​នោះ គេ​ក៏​ស្តាប់​ទ្រង់​ដោយ​អំណរ។

38. កំពុង​ដែល​ទ្រង់​បង្រៀន នោះ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ ដែល​ចូល​ចិត្ត​ពាក់​អាវ​វែងៗ​ដើរ​ចុះ​ឡើង ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ

39. និង​អង្គុយ​ទី​មុខ​គេ​នៅ​សាលា​ប្រជុំ ហើយ​នៅ​កន្លែង​លេខ​១​ក្នុង​ការ​ស៊ី‌លៀង

40. គេ​ឆ​ស៊ី​ផ្ទះ​ស្ត្រី​មេម៉ាយ ដោយ​សូត្រ​ធម៌​ឲ្យ​ច្រើន ដើម្បី​ដោះ​សា​ខ្លួន ពួក​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត។

41. គ្រា​នោះ ព្រះ‌យេស៊ូវ​គង់​ទល់​មុខ​នឹង​ឃ្លាំង ក៏​ទត​មើល​ទៅ​ហ្វូង​មនុស្ស ដែល​គេ​ដាក់​ដង្វាយ​ក្នុង​ឃ្លាំង​ជា​យ៉ាង​ដូច‌មេ្ដច មាន​អ្នក​មាន​ជា​ច្រើន គេ​ដាក់​ច្រើន

42. តែ​មាន​ស្ត្រី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​២​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន

43. ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្ត្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង

44. ដ្បិត​គេ​សុទ្ធ​តែ​យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្ត្រី​នេះ បាន​យក​ពី​សេចក្តី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សំរាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង។

ម៉ាកុស 12