18. ឯពួកសាឌូស៊ី ដែលថា គ្មានសេចក្តីរស់ឡើងវិញ គេក៏មកទូលសួរទ្រង់ថា
19. លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា «បើបងរបស់អ្នកណាស្លាប់ចោលប្រពន្ធឥតមានកូន នោះត្រូវឲ្យប្អូនយកប្រពន្ធគាត់ ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន»
20. ឥឡូវ មានបងប្អូន៧នាក់ បងច្បងយកប្រពន្ធ ហើយស្លាប់ទៅឥតមានកូន
21. ប្អូនបន្ទាប់ក៏យកនាងនោះ ហើយស្លាប់ទៅ ឥតមានកូនដែរ អ្នកទី៣ក៏ដូចគ្នា
22. អ្នកទាំង៧នោះបានយកនាង តែគ្មានកូន១សោះ ក្រោយបង្អស់មក នាងនោះក៏ស្លាប់ទៅដែរ
23. ដូច្នេះ ដល់គ្រាដែលរស់ឡើងវិញ តើនាងនោះត្រូវបានជាប្រពន្ធរបស់អ្នកណាក្នុងបណ្តាអ្នកទាំងនោះ ពីព្រោះអ្នកទាំង៧បានយកនាងគ្រប់ៗគ្នា
24. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា ដូច្នេះ អ្នករាល់គ្នាភាន់ច្រឡំទេតើ ពីព្រោះមិនស្គាល់គម្ពីរ ឬព្រះចេស្តានៃព្រះ
25. ដ្បិតកាលណាមនុស្សរស់ពីស្លាប់ឡើងវិញ នោះមិនដែលយកគ្នាជាប្ដីប្រពន្ធទៀតទេ គេបានដូចជាទេវតានៅស្ថានសួគ៌វិញ
26. ឯដំណើរដែលមនុស្សស្លាប់រស់ឡើងវិញ នោះតើអ្នករាល់គ្នាមិនបានមើលរឿងពីគុម្ពបន្លា ដែលមាននៅក្នុងគម្ពីររបស់លោកម៉ូសេទេឬអី ដែលព្រះទ្រង់មានព្រះបន្ទូលនឹងលោកថា «អញជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប»
27. ទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញទេតើ អ្នករាល់គ្នាភាន់ច្រឡំខ្លាំងណាស់។
28. នោះមានអាចារ្យម្នាក់ចូលមកឮជជែកគ្នា ក៏យល់ឃើញថា ទ្រង់បានឆ្លើយត្រូវចំ រួចគាត់ទូលសួរទ្រង់ថា ក្នុងបញ្ញត្តទាំងប៉ុន្មាន តើមានបទណាសំខាន់ជាងគេទាំងអស់
29. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ឯបញ្ញត្តដែលសំខាន់ជាងគេ នោះគឺថា «ចូរស្តាប់ចុះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ជាព្រះអម្ចាស់តែ១ព្រះអង្គទ្រង់
30. ហើយឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង» នោះហើយជាបញ្ញត្តទី១
31. ឯបញ្ញត្តទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» គ្មានបញ្ញត្តណាទៀតធំជាងបទទាំង២នេះទេ
32. អាចារ្យនោះក៏ទូលទ្រង់ថា មែនហើយ លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ថា មានព្រះតែ១ ហើយក្រៅពីទ្រង់ គ្មានព្រះណាទៀតសោះ
33. ហើយដែលស្រឡាញ់ទ្រង់អស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង និងអស់ពីកំឡាំង ហើយដែលស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង នោះវិសេសលើសជាងអស់ទាំងដង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មានទៅទៀត
34. កាលព្រះយេស៊ូវបានឃើញថា គាត់ឆ្លើយដោយប្រាជ្ញា នោះក៏មានព្រះបន្ទូលទៅគាត់ថា អ្នកមិនឆ្ងាយពីនគរព្រះទេ រួចគ្មានអ្នកណាហ៊ានទូលសួរទ្រង់ទៀតឡើយ។
35. កំពុងដែលព្រះយេស៊ូវបង្រៀនក្នុងព្រះវិហារ នោះទ្រង់មានព្រះបន្ទូលសួរថា ហេតុអ្វីបានជាពួកអាចារ្យថា ព្រះគ្រីស្ទជាព្រះវង្សហ្លួងដាវីឌ